ពេលប្រកួតជាមួយ អូឡាំពិកកូស(Olympiacos) នៅក្រៅផ្ទះយប់នេះ ខ្សែបម្រើអន្តរជាតិជប៉ុនរបស់បិសាចក្រហម Manchester United កីឡាករ ស៊ីនជី កាហ្គាវ៉ា (Shinji Kagawa) បានសង្កត់ធ្ងន់ថា Manchester United នឹងទទួលបានលទ្ធផលល្អចំពោះការប្រកួតក្រៅផ្ទះជាមួយ អូឡាំពិកកូស (Olympiacos) ក្នុងក្របខណ្ឌ Champions League នៅយប់នេះ ។ ក្រុមទាំងពីរនឹងធ្វើការប្រកួតនៅវគ្គ ១៦ ក្រុមចុងក្រោយជើងទី ១ ក្នុងទីក្រុងអាតែនមុនពេលលេងជើងទី ២ នៅទឹកដី អូលត្រាហ្វត (Old Trafford) វិញនៅខែក្រោយ ។
បិសាចក្រហមបានធ្លាក់នៅវគ្គនេះក្រោមស្នាដៃរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid កាលពីរដូវកាលមុន ទើបធ្វើឲ្យ កាហ្គាវ៉ា (Kagawa) ជម្រុញឲ្យក្លិបបិសាចក្រហមលេងដោយប្រុងប្រយ័ត្នបំផុត រង់ចាំធ្វើការវាយបកវិញនៅពេលមកលេងនៅទឹកដីខ្លួនឯង ។
កាហ្គាវ៉ា (Kagawa) បានប្រាប់គេហទំព័ររបស់ក្លិបថា “ឈានមកដល់វគ្គនេះគឺមិនមែនជារឿងងាយស្រួលនោះទេ ការប្រកួតនៅក្រៅផ្ទះពិតជាសំខាន់ យើងធ្លាប់បានជួបបទពិសោធន៍ជាច្រើនមកហើយ” ។
គួរបញ្ជាក់ថា សម្រាប់ប្រវត្តិជួបគ្នា ៤ ប្រកួតចុងក្រោយគឺ Manchester United បានយកឈ្នះ អូឡាំពិកកូស (Olympiacos) ទាំង៤ប្រកួត ហើយនៅយប់នេះ គេរំពឹងថា Manchester United នឹងរក្សាប្រវត្តិដ៏ល្អនេះបានបន្តទៀត ៕