អាជ្ញាធរក្រុងព្រះវិហារ និងមន្ទីរបរិស្ថានខេត្ត ចុះផ្អាកសកម្មភាពរបស់ក្រុមហ៊ុនយូតា ណាយូមិ ស៊ូតា ឯ.ក និងទីតាំងដីឯកជនមួយកន្លែង ដែលបាន និងកំពុងដំណើរការពុះដីឡូតិ៍លក់ លើផ្ទៃដីព្រៃឈើដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព

0

ខេត្តព្រះវិហារ៖ អភិបាលរងក្រុងព្រះវិហារ លោក រស់ សារី បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ,ប្រធានការិយាល័យភូមិបាលក្រុង លោក សាន់ ប្រុស សហការជាមួយ អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មាស ញឹម ចុះពិនិត្យជាក់ស្តែង និងបានផ្អាកគ្រប់សកម្មភាពការប្រមូលទិញដី ដើម្បីពុះដីឡូតិ៍លក់ ដោយខុសច្បាប់ របស់ក្រុមហ៊ុន យូតា  ណាយូមិ ស៊ូតា  ឯ.ក  និងទីតាំងដីឯកជនមួយកន្លែង ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។

ការចុះផ្អាកសកម្មភាពប្រមូលទិញដី និងដំណើរការពុះដីឡូតិ៍លក់នោះ អាជ្ញាធរក្រុង និងមន្ទីរបរិស្ថានខេត្ត បានកោះហៅតំណាងក្រុមហ៊ុនជប៉ុន យូតា ណាយូមិ ស៊ូតា  ឯ.ក លោក កាំង  ម៉េងលី និងម្ចាស់ដីឡូតិ៍ឯកជន លោក កាំង  ម៉េងសុង មកធ្វើការណែនាំ ឲ្យបញ្ឈប់លើសកម្មភាពគ្រប់ទម្រង់ ក្នុងការប្រមូលទិញដី ការពុះដីឡូតិ៍លក់ និងការលើកស្លាកសញ្ញាសម្គាល់ ដោយខុសច្បាប់ តទៅទៀត ព្រោះដីទាំងអស់នេះ គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព គ្រប់គ្រងដោយក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តព្រះវិហារ។

អភិបាលរងក្រុងព្រះវិហារ លោក រស់ សារី​ បានណែនាំដល់ភាគីតំណាងក្រុមហ៊ុនជប៉ុន និងម្ចាស់ដីឯកជនទាំងពីរ ឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពនានា  ហើយតម្រូវអោយក្រុមហ៊ុនជប៉ុនដកចេញអោយអស់ នូវស្លាកញ្ញាលក់ដូរដី ល្កឹកណាមានការសម្រេចជាថ្មីពីរាជរដ្ឋាភិបាល  ក្នុងការកាត់ឈ្វៀលផ្ទៃដីទាំងនេះ ហើយប្រសិនបើដីទាំងនេះ ស្ថិតនៅក្នុងជម្លោះ ក៏ត្រូវតែមានការដោះស្រាយ ទៅតាមយន្តការច្បាប់ បើពុំនោះទេ ខាងមន្ទីរបរិស្ថានខេត្ត មានសិទ្ធិគ្រប់គ្រាន់ ក្នុងការកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មាស ញឹម បានបញ្ជាក់ថា ផ្ទៃដីជាច្រើនហិចតា ដែលក្រុមហ៊ុនជប៉ុន និងម្ចាស់ដីឯកជន កំពុងកាន់កាប់ និងដំណើរការពុះឡូតិ៍លក់នាពេលនេះ គឺជាដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែលគ្រប់គ្រង និងការពារដោយក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តព្រះវិហារ លុះត្រាណាមានការស្នើសុំឲ្យមានការតាក់ឈ្វៀល ដែលសម្រេចដោយ រាជរដ្ឋាភិបាល។

លោក មាស ញឹម បានថ្លែង ចាត់ទុកការប្រមូលទិញដី និងពុះដីឡូតិ៍លក់របស់ក្រុមហ៊ុនជប៉ុន និងម្ចាស់ដីឯកជននាពេលនេះ គឺជាអំពើខុសច្បាប់។ ហើយលោក បានស្នើសុំឲ្យអ្នកសារព័ត៌មាន ចូលរួមសហការផ្តល់ព័ត៌មានពិត ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញមូលដ្ឋាន ដើម្បីរួមគ្នាចុះពិនិត្យ និងស្វែងរកការពិត ជុំវិញពាក្យចចាមរាមថា មានអង្គការសាសនាមួយ បានទិញដីព្រៃជាច្រើនហិចតាធ្វើជាកម្មសិទ្ធិ ដែលផ្ទៃដីព្រៃឈើទាំងនោះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ហើយប្រសិនបើមានដូច្នេះមែន គឺជាអំពើខុសនឹងច្បាប់រដ្ឋ។

តំណាងក្រុមហ៊ុនជប៉ុន លោក កាំង ម៉េងលី និងម្ចាស់ដីឯកជន លោក កាំង ម៉េងសុង  បានទទួលស្គាល់ថា ការមកទិញដូរដីនេះ ពិតជាខុសនឹងច្បាប់រដ្ឋមែន។ ហើយភាគីទាំងពីរបានយល់ព្រម និងសន្យាជាមួយអាជ្ញាធរមានសមត្ថកិច្ចថា នឹងរុះរើដោះស្លាកសញ្ញាសម្គាល់លក់ដូរដីចេញ នៅក្នុងថ្ងៃនេះ   និងក៏មិនធ្វើសកម្មភាពណា ដែលផ្ទុយទៅនឹងច្បាប់បន្តទៅទៀតនោះដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនជប៉ុន យូតា ណាយូមិ ស៊ូតា ឯ.ក គឺជាក្រុមហ៊ុនធំមួយ ដែលបានធ្វើសកម្មភាពលើកស្លាកពុះដីឡូតិ៍លក់ គ្រាន់តែនៅក្នុងភូមិអភិវឌ្ឍន៍មួយប៉ុណ្ណោះ មាន ៣ទីតាំង ដែលមានផ្ទៃដីជាច្រើនហិចតា ហើយផ្ទៃដីទាំងនោះ ត្រូវបានអាជ្ញាធរក្រុង និងមន្ទីរបរិស្ថានខេត្ត រកឃើញថា បានស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។ អាជ្ញាធរក្រុង បានតម្រូវឲ្យក្រុមហ៊ុននេះ បញ្ឈប់ជាបន្ទាន់ នូវគ្រប់សកម្មភាព ដែលផ្ទុយពីច្បាប់រដ្ឋតទៅទៀត៕ដោយ៖ឡុង សំបូរ