ខេត្តព្រះវិហារ៖ អគារបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារថ្មី ដែលត្រូវសាងសង់ឡើងក្នុងតម្លៃទឹកប្រាក់ជាង ៦៥ម៉ឺនដុល្លារ អាមរិកនោះ ត្រូវបានធ្វើពិធីបុកគ្រឹះបញ្ចុះបឋមសិលា ដាក់ឲ្យដំណើរការសាងសង់ ក្រោមអធិបតីភាព អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ពិធីនេះទៀត ក៏មានការអញ្ជើញចូលរួមពី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ ,អភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី ,តំណាងអយ្យការ និងសាលាដំបូងខេត្តព្រះវិហារ លោក សេង មេងស៊្រុន ,មេបញ្ជាការកងរាជអាវុធហត្ថ ដែលជាប់ព្រំប្រទល់ខេត្តព្រះវិហារ ,មន្ទីរ និងអង្គភាពជុំវិញខេត្ត ជាច្រើនរយនាក់ នៅចំណុចអតីតប្រលានយន្តហោះខេត្ត ស្ថិតនៅក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងថា ផ្ទៃដីដែលត្រូវសាងសង់អគារបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី មានទំហំ ៣ម៉ឺន ២៣០ម៉ែត្រការ៉េ ស្មើ(ជាង៣ហិចតា) ហើយបានធ្វើការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់សំណង់នានា ដូចជាការសាងសង់របងថ្មព័ទ្ធជុំវិញ ក្លោងទ្វារប្រវែង ៧០៦ម៉ែត្រ ចំណាយថវិកាអស់ ៣១លាន ៦៤ម៉ឺនរៀល ,អគារប្រចាំការ និងអគារទទួលភ្ញៀវ ទំហំទទឹង ៧,៥ម៉ែត្រ បណ្តោយ ៩ម៉ែត្រ ស្មើ ៧៦,៥ម៉ែត្រការ៉េ ចំណាយថវិកា ៩២លាន ៩០ម៉ឺនរៀល ,ប៉ុស្តិ៍យាម ទំហំ ៣ម៉ែត្រ គុណ ៥ម៉ែត្រ ស្មើ ១៥ម៉ែត្រការ៉េ ចំណាយថវិកា ១៦លាន ២សែនរៀល ,បន្ទប់ទឹក និងបង្គន់អនាម័យ ទំហំ ៤ម៉ែត្រ គុណ ២០ម៉ែត្រ ស្មើ ៨០ម៉ែត្រការ៉េ ចំណាយថវិកា ៥៤លាន ៤សែនរៀល ,ចាក់សាបទីលានទំហំ ១២០០ម៉ែត្រការ៉េ ចំណាយថវិកា ១៥៦លានរៀល។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបន្តទៀតថា លទ្ធផលដែលសម្រេចបានកន្លងមកនេះ ដោយសារមានការជួយឧបត្ថម្ភពី នាយឧត្តមសេនីយ៍ សៅ សុខា ,គណៈអភិបាលខេត្តព្រះវិហារ ប្រធានស្ថាប័ន អង្គភាពជុំវិញខេត្ត នាយនិងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងសប្បុរសជននានា ផងដែរ។
លោកឧត្តមសេនីយ៍ កង សៅគុណ បានបញ្ជាក់ថា អគារសេនាធិការដ្ឋានថ្មី ដែលត្រូវបញ្ចុះបឋមសិលានាថ្ងៃនេះ នឹងត្រូវសាងសង់លើផ្ទៃដីទំហំ ១១ម៉ែត្រការ៉េ គុណ ៥៦ម៉ែត្រការ៉េ មានកំពស់ ៣ជាន់ ដោយប្រើរយៈពេល ៣៦ខែ ដែលនឹងគ្រោងចំណាយថវិកាជាង ៦៥ម៉ឺនដុល្លារអាមេរិក ដោយមិនទាន់គិតបញ្ចូល នូវការបំពាក់គ្រឿងសង្ហារឹមនៅឡើយទេ។
អភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី បានថ្លែងថា ខេត្តព្រះវិហារ មានផ្ទៃដី ១៣ម៉ឺន ៨ពាន់ ២៧៨ម៉ែត្រការ៉េ មានប្រជាពលរដ្ឋ ៦ម៉ឺន ២ពាន់ ៩៤៥គ្រួសារ ស្មើនឹងចំនួនមនុស្ស ២៥ម៉ឺន ២ពាន់ ៧៩៥នាក់ ស្រី ១២ម៉ឺន ៧ពាន់ ១៥នាក់ ដង់ស៊ីតេប្រជាពលរដ្ឋ ១៨នាក់ ក្នុង១គីឡូម៉ែត្រការ៉េ មាន ៧ក្រុង-ស្រុក មាន ៩ឃុំ ២សង្កាត់ និងមាន ២៣២ភូមិ។
លោក អ៊ុង វិទ្ធី បានបញ្ជាក់ថា ខេត្តព្រះវិហារ មានសក្កានុពល ៣សំខាន់ៗ រួមមាន វិស័យកសិកម្ម មានផ្ទៃដីដាំដុះស្រូវ ៩ម៉ឺន ៨ពាន់ ៤៦ហិចតា ផ្ទៃដីសម្រាប់ដំណាំកសិឧស្សាហកម្ម ៨ម៉ឺន ៣ពាន់ ៨៩៣ហិចតា ,វិស័យទេសចរ ខេត្តមានគោលដៅសំខាន់ៗ ចំនួន ២៧កន្លែង ក្នុងនោះ រមណីដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិមាន ៥កន្លែង មានសារមន្ទីរ១ សហគមន៍ ១០កន្លែង វត្តគោលដៅទេសចរ ៣កន្លែង កន្លែងសក្កានុពលទេសចរ ២០កន្លែង និងវិស័យធនធានរ៉ែ មានធនធានរ៉ែដែក រ៉ែស្ពាន់ រ៉ែមាស រ៉ែប្រេងកាត និងរ៉ែផ្សេងៗទៀត ដែលគ្របដណ្តប់ទូទាំងខេត្ត និងមាន ២២ក្រុមហ៊ុន ដែលបាន និងកំពុងសិក្សាស្រាវជ្រាវ។
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែង កោតសសរសើរដល់អាជ្ញាធរខេត្តព្រះវិហារ ដែលបានផ្តល់ទីតាំងដីសម្រាប់ការសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី ក៏ដូចការគាំទ្រ និងការដឹកនាំបញ្ជាក្នុងក្របខណ្ឌអាជ្ញាធរថ្នាក់ក្រោមជាតិ លើកងកម្លាំង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ រួមជាមួយនឹងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ជាពិសេស នគរបាលជាតិ ក្នុងការថែរក្សាបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាជននៅក្នុងខេត្តព្រះវិហារ គោរពសិទ្ធិមនុស្សក្នុងស្ថានភាព នៃដំណាក់កាល នៃការការពារបូរណអធិតេយ្យ ដែលទទួលរងពីការរំលោភបំពានពីប្រទេសជិតខាង នៅតំបន់ប្រសាទព្រះវិហារ និងតំបន់ផ្សេងៗទៀត នៅតាមបណ្តោយព្រំដែន។
នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ទៀតថា ខេត្តព្រះវិហារ គឺបានរួមចំណែកយ៉ាងធំធេង ក្នុងការគាំទ្រទៅដល់បណ្តាអង្គភាព ដែលឈរជើងធ្វើសកម្មភាព ក្នុងការការពារបូរណអធិបតេយ្យ នៅក្នុងដែនដីខេត្តទាំងមូល។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែង ជំរុញឲ្យមានការពន្លឿនលើដំណើរការសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មីនេះ និងអំពាវនាវឲ្យមានការចូលរួមឧបត្ថម្ភគាំទ្រ ពីអាជ្ញាធរ ស្ថាប័ន មន្ទីរ អង្គភាព និងសប្បុរសជននានា ដើម្បីពន្លឿនលើការសាងសង់បញ្ជាការដ្ឋានថ្មីនេះឲ្យបានឆាប់ ដែលនឹងត្រូវចំណាយថវិកាជាង ៦៥ម៉ឺនដុល្លារ និងប្រកបដោយគុណភាពខ្ពស់ ដែលជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល។
សូមជម្រាបថា នៅក្នុងការសាងសង់អគារបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារថ្មីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានជួយឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាមេរិក ផងដែរ៕ដោយ៖ឡុង សំបូរ