គ្រាប់ត្នោតជាង ២០ម៉ឺនគ្រាប់ បាននាំយកទៅដាំនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង ទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ និងការកំណត់បាននូវអត្តសញ្ញាណជាតិ

0

ខេត្តស្ទឹងត្រែង៖ ដើមត្នោត គឺជារុក្ខជាតិហូបផ្លែ ដែលបានផ្តល់គុណតម្លៃ និងបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ជួយទ្រទ្រង់ក្នុងជីវភាពរស់នៅ និងក៏ជាមរតកសម្រាប់កំណត់បាន នូវអត្តសញ្ញាណជាតិ ដែលដូតតាខ្មែរបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយៗទៀត។

ដោយមើលឃើញពីគុណតម្លៃ នៃដើមត្នោតនេះហើយ ទើបរដ្ឋបាលខេត្តស្ទឹងត្រែង រួមជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ បានរួមចិត្តរួមគំនិតគ្នា នាំយកគ្រាប់ត្នោត ៣ម៉ឺនគ្រាប់ បន្ថែមទៀត ទៅដាំនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ​លោក ព្រំ ចន្ថា បានឲ្យដឹងថា ការនាំយកគ្រាប់ត្នោតមកដាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ នាពេលនេះ មានគោលបំណងរក្សាការពារបាននូវបូរណៈភាពទឹកដី ជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយៗទៀត បានដឹង បានស្គាល់ និងចេះស្រឡាញ់ អ្វីដែលជាអត្តសញ្ញាណរបស់ជាតិខ្មែរ។

លោក ព្រំ ចន្ថា បានឲ្យដឹងទៀតថា គ្រាប់ត្នោតនឹងត្រូវដាក់ដាំនៅតាមបណ្តោយសងខាងផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ នៅពេលនេះ មានចំនួន ៣ម៉ឺនគ្រាប់ ដាំនៅលើផ្ទៃដី ២៥ គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ ០៤២ ដល់បង្គោលព្រំដែនលេខ ០៤៩ ដើម្បីអបអរសារទរបុណ្យ« រុក្ខទិវា៩កក្កដា ឆ្នាំ២០២២» ដែលការដាំនៅលើកទី១ នៅក្នុងឆ្នាំ២០១៦ ដាំគ្រាប់ពូជត្នោតចំនួន ១ម៉ឺន ១ពាន់ ៥០០គ្រាប់ ,លើកទី២ ក្នុងឆ្នាំ២០១៧ ដាំបានចំនួន ១ម៉ឺនគ្រាប់ ,លើកទី៣ នៅក្នុងឆ្នាំ២០១៨ ដាំបាន ២ម៉ឺន ៥ពាន់គ្រាប់ ,លើកទី៤ នៅក្នុងឆ្នាំ២០១៩ ដាំបាន ៣ម៉ឺនគ្រាប់ ,លើកទី៥ ដាំបាន ១០ម៉ឺនគ្រាប់ និង នៅលើកទី៦ នេះ ត្រូវបាននាំយកគ្រាប់ពូជត្នោត ៣ម៉ឺនគ្រាប់ បន្ថែមទៀត ទៅដាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ សរុប ដាំទាំង ៦លើក មានចំនួន ២០ម៉ឺន ៦ពាន់ ៥០០គ្រាប់ ដាំលើផ្ទៃដីសរុប ១៣៧គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៧ ចំណុចដុងក្រឡ រហូតដល់បង្គោលព្រំដែនលេខ ៧។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានថ្លែងថា ដើមត្នោតជារុក្ខជាតិ ដែល ផ្តល់នូវគុណសម្បត្តិច្រើនយ៉ាង ដល់ប្រជាជនខ្មែរ តាំងពីសម័យបុរាណកាលមក ជានិមិត្តសញ្ញាតំណាងអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិ ដែលប្រជាជនខ្មែរ សម្គាល់អត្តសញ្ញាណជាទឹកដីរបស់ខ្លួន ពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន ។

លោក ស្វាយ សំអ៊ាង បានថ្លែង ចាត់ទុកសកម្មភាពដាំដើមត្នោតនាថ្ងៃនេះ គឺជាសកម្មភាព ប្រវត្តិសាស្ត្ររបស់ខេត្តស្ទឹងត្រែង  ដើម្បីថែរក្សាអត្តសញ្ញាណជាតិ ដួងព្រលឹងជាតិ ការពារអធិបតេយ្យភាពជាតិ និងបំផុសផ្នត់គំនិត ដល់អ្នកជំនាន់ក្រោយៗទៀត ឲ្យស្រលាញ់នូវអ្វីដែលជាអត្តសញ្ញាណជាតិ ការពារបាននូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន៕ដោយ៖ឡុង សំបូរ