ខេត្តព្រះវិហារ៖ អាជ្ញាធរស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ បានអំពាវនាវដល់អ្នកធ្វើដំណើរ ឡើងចុះភ្នំអានសេះ ជាប់ព្រំដែនថៃ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ព្រោះត្បិតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ មានថ្មជាច្រើនផ្ទាំងបានរមៀលពីចង្កេះភ្នំ ធ្លាក់មកលើទ្រូងផ្លូវ ដែលអាចបង្កការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយគ្រោះធម្មជាតិ នាពេលនេះ។
អភិបាលស្រុកជាំក្សាន្ត លោក វុធ តារា បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃនេះថា ពិតជាមានថ្មជាច្រើនផ្ទាំង និងបំណែកភាគល្អិតថ្មជាច្រើនទៀត បានរមៀលពីចង្កេះភ្នំអានសេះ ធ្លាក់មកលើកំណាត់ផ្លូវ ហើយលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងឡើងទៅកាន់ច្រកអានសេះ ឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយសារមានគ្រោះធម្មជាតិមួយបានកើតឡើង ស្របពេលជាមួយកម្ពុជា ពិសេស ខេត្តព្រះវិហារ កំពុងរងនូវការធ្លាក់ភ្លៀង នាច្រើនថ្ងៃកន្លងមកនេះ។
លោក វុធ តារា បានឲ្យដឹងទៀតថា ថ្មដែលបានរមៀលធ្លាក់មកលើផ្លូវ ត្រង់ចង្កេះភ្នំ ឡើងទៅច្រកអានសេះនោះ មានច្រើនផ្ទាំងធំៗ ដោយផ្ទាំងថ្មនីមួយៗ មានទំហំ ១,៦០ម៉ែត្រ គុណ ២,០០ម៉ែត្រ និងមានកំពស់ ១,២០ម៉ែត្រ ប៉ុន្តែ នៅសល់ទំហំផ្លូវ ៥ម៉ែត្រទៀត សម្រាប់ការធ្វើដំណើរឡើងទៅកាន់ច្រកទ្វារអានសេះ។
លោក វុធ តារា បានបញ្ជាក់ថា មកទល់នឹងរសៀលថ្ងៃនេះ ផ្ទាំងថ្មធំៗទាំងនោះ នៅមិនទាន់បានស្ទូចយកចេញពីលើផ្លូវនៅឡើយទេ ប៉ុន្តែ កម្លាំងនគរបាលការពារព្រំដែន និងកម្លាំងយោធាការពារព្រំដែន បានសហការណ៍រួមគ្នា ចុះកើបបោសសំអាតភាគល្អិតថ្មតូចៗ ដែលធ្លាក់រាយប៉ាយលើកំណាត់ផ្លូវនោះ បានស្អាត និងប្រជាពលរដ្ឋអាចធ្វើដំណើរបានហើយ។
ស្របពេលជាមួយគ្នានេះ លោកអភិបាលស្រុកជាំក្សាន្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទូទៅ ដែលមានបំណងឡើងទៅកាន់ច្រកអានសេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជានិច្ច ក្រែងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ពីគ្រោះធម្មជាតិនេះ៕ដោយ៖ឡុង សំបូរ