ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ចុះបង្ក្រាបឈើប្រណិតបានជាង ២០ដុំ ដែលឈ្មួញបានដឹកពីដែនព្រៃ យកមកទម្លាក់ទុកក្នុងបរិវេណផ្ទះប្រជាពលរដ្ឋ

0

ខេត្តព្រះវិហារ៖ ឈើប្រណិតប្រភេទធ្នុងជាង ២០ដុំ ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ចុះបង្ក្រាបនិងរឹបអូសបាន គ្រាដែលឈ្មួញបានធ្វើការដឹកជញ្ជូនតាមគោយន្តកន្ត្រៃ មកទម្លាក់ទុកក្នុងបរិវេណផ្ទះប្រជាពលរដ្ឋ និងត្រៀមលក់បន្តឲ្យឈ្មួញ ដឹកយកទៅលក់ឲ្យក្រុមអ្នកបើកសិប្បកម្មកែច្នៃឈើ នៅក្នុងក្រុងព្រះវិហារ។

ការចុះបង្ក្រាប និងរឹបអូសឈើទាំងនោះ បានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

នៅក្នុងការចុះបង្ក្រាបឈើនោះ បានដឹកនាំកម្លាំងដោយ នាយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ លោក សុង បញ្ញា ក្រោមបញ្ជាពីលោក វង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ និងក្រោមការអនុញ្ញាតពី នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម ដែលបានធ្វើឡើងកាលពីថ្ងៃ១២កក្កដាម្សិលមិញនោះ មន្ត្រីព្រៃឈើបានរឹបអូសយកឈើបេងបានជាង ២០ដុំវែង និងខ្លី នាំយកមករក្សាទុកនៅផ្នែករដ្ឋបាលពរៃឈើត្បែងមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនៅតិវិធី។

ប្រជាពលរដ្ឋនៅតំបន់ដែលសមត្ថកិច្ចចាប់ឈើនោះ បាននិយាយថា ក្រុមឈ្មួញតែងធ្វើសកម្មភាពដឹកជញ្ជូនឈើពីដែនព្រៃ យកមកទម្លាក់ទុកនៅក្នុងបរិវេណផ្ទះខាងលើនោះ ស្ទើរជារៀងរាល់ថ្ងៃ ដើម្បីលក់បន្តទៅឲ្យម្ចាស់រថយន្តកាមរីហើម ១គ្រឿង ព័ណ៌ស្លែចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2E.7849 ហើយម្ចាស់រថយន្តនេះ បានដឹកឈើទាំងនោះយកទៅបោះ និងចែកចាយឲ្យតាមរោងសិប្បកម្មធំៗ នៅក្នុងព្រះវិហារ ខេត្តព្រះវិហារ។

ប្រជាពលដ្ឋបាននិយាយទៀតថា សកម្មភាពនេះបានកើតឡើងជាយូរមកហើយ ប៉ុន្តែ គេមិនដែលឃើញមានការបង្ក្រាបពី កម្លាំងសមត្ថកិច្ចមូលដា្ឋននោះទេ ទើបតែពេលនេះត្រូវបានធ្វើឡើងជាលើកដំបូងនៅទីនេះ៕ដោយ៖ឡុង សំបូរ