ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋងាយរងគ្រោះដោយសារមីន ៥០គ្រួសារ ទទួលបានការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ពី កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងកាត់បន្ថយបានពីការរងគ្រោះថ្នាក់ដោយសារមីន។
ការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដោយសារមីន(គ្រួសារយុទ្ធជន-អតីតយុទ្ធជន និងគ្រួសារជនមានពិការភាព) ទាំង ៥០គ្រួសារ មកពី ៦ឃុំ ក្នុងស្រុករវៀង ខេត្តព្រះវិហារ ដោយគ្រួសារនីមួយៗ ទទួលបានប្រាក់កម្ចី ១លានរៀល ពីកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីយកទៅប្រកបមុខរបរបង្កបង្កើនផល លក់ដូរ និងការចិញ្ចឹមសត្វ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែគិតគូរពីជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេស លើកទឹកចិត្តដល់គ្រួសារទទួលផលទាំងអស់ ឱ្យបន្តខិតខំពង្រីកមុខរបរ បង្កបង្កើនផល ដើម្បីលើកស្ទួយជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។
លោកស្រីបានថ្លែងទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាល ធ្លាប់ជាទីតាំងសមរភូមិសង្គ្រាម ដែលបន្សល់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយប្រឈមនឹងការរងគ្រោះថ្នាក់ដោយសារមីន។ លោកស្រីថា ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាកបាទក្រហមកម្ពុជា ក៏បានចុះអនុស្សរណៈប្រគល់ថវិកា ២លាន ដុល្លារអាមេរិក ជូនដល់ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ដើម្បីចូលរួមជាចលនាជាតិ ឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ខាងមុខ តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ។
លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែង ដោយផ្តោតលើក្តីសង្ឃឹមថា «បងប្អូនប្រជាពលរដ្ឋ នឹងមិនធ្វើចំណាកស្រុក នៅមើលថែផ្ទះសម្បែង ហើយថវិកា ១លានរៀលនេះ នឹងធ្វើឱ្យជីវភាពរបស់បងប្អូនមានការរីកចម្រើន តាមរយៈការប្រកបមុខរបរតាមបំណងរបស់បងប្អូន ហើយបងប្អូននឹងមានលទ្ធភាពបង្វិលថវិកានេះ មកជូនកាកបាទក្រហមកម្ពុជាវិញ ដើម្បីកាកបាទក្រហមកម្ពុជា បន្តផ្តល់ជូនគ្រួសារដទៃទៀត ដែលជាការរួមចំណែក និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍនភាព ដូចសព្វថ្ងៃនេះ»។
លោកស្រី ម៉ែន នារីសោភ័គ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមវិធានការសុខាភិបាល ចូលរួមចាក់វ៉ាក់សាំងដូសជំរុញ រស់នៅត្រូវមានអនាម័យ ត្រូវពិសាទឹកឆ្អិន និងត្រូវប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដូចជា បាតុភូតផ្គរ រន្ទះ ខ្យល់ព្យុះ ឬ ខ្យល់កន្ត្រាក់ជាដើម។
អភិបាលរងខេត្ត និងជានាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក យ៉ុង គឹមហ៊ាន តំណាងឱ្យគ្រួសារងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស បានចាប់ផ្តើមបង្កើតឱ្យមានកម្មវិធី ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់ កាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ២០០៥ ហូតរមកដល់គ្រាបច្ចុប្បន្ន។
លោក យ៉ុង គឹមហ៊ាន បានបន្តថា សម្រាប់ខេត្តព្រះវិហារ មានគ្រួសារទទួលផលសរុបចំនួន ១ពាន់ ៥៧២គ្រួសារ ក្នុងនោះស្រុករវៀងមាន ៥៥៨គ្រួសារ ដែលទទួលបានប្រាក់កម្ចី ដែលបាន និងកំពុង ជួយកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងបានកែប្រែជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឱ្យល្អប្រសើរឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់ដូរ កាត់ដេរ អ៊ុតសក់ និងជួសជុលកង់ម៉ូតូ។ល។
បន្ទាប់មក លោកស្រីអគ្គលេខាធិការរងទី១ និងក្រុមការងារ បានចុះសួរសុខទុក្ខ និងពិនិត្យមើល ពីការរីកចម្រើនរបស់គ្រួសារ ដែលធ្លាប់បានទទួលប្រាក់កម្ចី ពីកាកបាទក្រហមកម្ពុជា នាពេលកន្លងមក ថែមទៀតផង៕ដោយ៖ឡុង សំបូរ