ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នៅថ្ងៃទី១៤កក្កដាម្សិលមិញនេះ បានធ្វើការត្រួតពិនិត្យ និងប្រគល់ភារកិច្ចដល់កងកម្លាំងអន្តរាគមន៍ សម្រាប់ចុះជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានថ្លែងថា អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត បានត្រៀមកម្លាំង សម្ភារៈ និងមធ្យោបាយរួចជាស្រេច មានគ្រប់គ្រាន់ហើយ សម្រាប់ចុះជួយធ្វើអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រោះមហន្តរាយផ្សេងៗ ពិសេស គ្រោះទឹកជំនន់ដែលកើតមានឡើងក្នុងភូមិសាស្រ្តខេត្តព្រះវិហារទាំងមូល ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងទៀតថា ក្រៅពីកិច្ចការងារស្នូល កងកម្លាំងនៃអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត តែងបានចូលរួមនូវគ្រប់សកម្មភាពនានា នៅក្នុងចលនាសង្គម ដោយគោរព និងអនុវត្តទៅតាមគោលការរបស់ក្រសួងការពារជាតិ កងទ័ពជើងគោក និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ជាពិសេស គោរពនិងអនុវត្តឲ្យបានដាច់ខាត តាមអនុសាសន៍ និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។
ស្របពេលជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានធ្វើការផ្សព្វផ្សាយ អំពីស្ថានភាពធាតុអាកាស ដែលបានកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា និងតាមបណ្ដាភូមិសាស្រ្ដខេត្ត ដែលជាប់ព្រំដែនកម្ពុជា-ថៃ និង ឡាវ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានប្រាប់កងកម្លាំងអន្តរាគមន៍ទាំងអស់ ឲ្យត្រៀមខ្លួនជានិច្ច ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា គ្រាដែលមានគ្រោះមហន្តរាយផ្សេងៗ កើតឡើងជាយថាហេតុណាមួយ នៅក្នុងភូមិសាស្ត្រខេត្ត។ ហើយលោកឧត្តមសេនីយ៍ ក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានត្រៀមលក្ខណះ លើស្មារតីទទួលខុសត្រូវខ្ពស់ ទាំងកម្លាំង មធ្យោបាយ និងសំភារៈ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជា ដែលថ្នាក់លើបានប្រគល់ជូន៕ដោយ៖ឡុង សំបូរ