អង្គភាពកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ បន្តដឹកនាំកងកម្លាំងយោធា កសាង និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងអង្គភាពនៃទិសជួរមុខ

0

ខេត្តព្រះវិហារ៖ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងជាគណ:បញ្ជាការ សមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន បន្តកសាង និងអភិវឌ្ឍន៍អង្គភាព លើស្មារតីទទួលខុសត្រូវខ្ពស់ ក្រៅពីកិច្ចការងារការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឡាវ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា ក្រៅពីកិច្ចការងារស្នូលការពារជាតិ អង្គភាពកងពលធំអន្តរាគមន៍លេខ៣ និងបណ្ដាអង្គភាពជំនាញ ចំណុះកងពលលេខ៣ទាំងអស់ បានខិតខំកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ការដាំបន្លែបង្ការ និងការចិញ្ចឹមសត្វ សម្រាប់ជួយទ្រទ្រង់ និងផ្គត់ផ្គង់នៅអង្គភាព ឲ្យបានកាន់តែប្រសើរឡើងជាងនេះ ថែមទៀត។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងទៀតថា ថ្ងៃនេះលោកឧត្តមសេនីយ៍ បានបន្តចុះត្រួតពិនិត្យការងារអភិវឌ្ឍន៍ និងទីតាំងភូមិសាស្ត្រ រួមមាន បណ្ដាញផ្លូវ, ប្រព័ន្ធទឹក,ប្រព័ន្ធភ្លើង និងសមិទ្ធផលនានា មួយចំនួន ហើយអង្គភាពក៏កំពុងសាងសង់សាលប្រជុំមួយខ្នង នៅក្នុងទីតាំងទីបញ្ជាការស្រាល នៃកងពលធំអន្តរាគមន៍លេខ៣ ដែលជាអំណោចដ៏ថ្លៃថ្លា របស់លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។

នៅក្នុងគ្រានោះផងដែរ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានធ្វើការផ្សព្វផ្សាយ នូវផែនការ ពង្រឹងការងារយោធាឆ្នាំ២០២២ និងទិសដៅផែនការការងារយោធាបន្ត ឆ្នាំ២០២៣ លើគ្រប់វិស័យគ្រប់បណ្ដាអង្គភាពឈរជើង នៅទិសជួរមុខជាប់ព្រំដែនកម្ពុជា-ថៃ និងឡាវ ជាពិសេស វិស័យកសិកម្ម និងដំណាំបន្លែបង្ការ នៅក្នុងអង្គភាពផងដែរ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយទាហានទាំងអស់ ដែលបានខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍អង្គភាព ឲ្យកាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយលោកឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមកុំភ្លេចក្នុងការ ការពារសុខភាព ពិសេស ត្រូវបន្តបង្ការជំងឺកូវីដ-១៩ ហើយត្រូវអនុវត្តឲ្យបានល្អ នូវវិធានការ ៣កុំ ៣ការពារ តាមការណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា៕ដោយ៖ឡុង សំបូរ