សៀមរាបៈ បុណ្យភ្ជំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំ នៃប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ដែលកាន់សាសនា ព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក ។ ម្យ៉ាងទៀតពិធីកាន់វេនបិណ្ឌនេះ ពុទ្ធសាសនិកខ្មែរយើង បានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤រោជ ខែ ភទ្របទ រហូតដល់ ថ្ងៃបុណ្យភ្ជំធំ ត្រូវថ្ងៃ១៥រោជ ខែ ភទ្របទ ដែលបងប្អូនជាមន្ត្រីរាជការអ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយ បានមកជួបជុំគ្នា នាំយកនូវចង្ហាន់ ចំណីអាហារ ទៀនធូក បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់ នៅចាំព្រះវស្សា នៅតាមទីវត្តអារាមនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរ ក្នុងវេនទី៧ ត្រូវនឹងថ្ងៃ៧ រោចខែភទ្របទ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ឯ.ឧ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង ជាប្រធាន ក្រុម ការ ងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត សៀមរាប ដើម្បីអនុវត្តនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នៅខេត្តសៀមរាប ឯ.ឧ ឃឹម ប៊ុនសុង អភិបាល នៃគណៈ អភិបាលខេត្ត និង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំមន្ទីរ 
អង្គភាព មន្ត្រីរាជការ បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៧ ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តព្រះ ឥន្ទ កោសីយ៍ ស្ថិតនៅភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នមសកា ព្រះ រតនត្រ័យទៅ តាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ សីលវ័ន្ត សីលវតី ថ្នាក់ដឹកនាំ មន្ត្រីរាជការ ឯ.ឧ ទៀ បាញ់ ក៏បានលើកឡើងថា ការគោរពធ្វើបុណ្យភ្ជុំ បិណ្ឌ 
នេះឡើង គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត មាតា បិតា ជីដូនជីតា ញ្ញាតិការទាំង ប្រាំពីរ សណ្តាន និង បុព្វការីជន ដែលលោកបានចែកឋានទីកាន់បរលោកខាងមុខ និង ដួងវិញ្ញាក្ខ័ន្តជូនកម្មាភិបាល យុទ្ធ ជន យុទ្ធនារី ដែលបានពលី ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង ការពារអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមក៏បានបន្តទៀតថា បុណ្យភ្ជុំបិណ្ឌក៏ដូចជាបុណ្យផ្សេងៗទៀតត្រូវបានប្រារព្ធឡើង វិញ ក្រោយ ថ្ងៃ ជ័យជំនះ ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបប
ប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំទៅនោះ ក្រោមការ បើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណ រហូតមកដល់សតវត្សរ៍ទី២១នេះ។ 
ឯ.ឧ ទៀ បាញ់ ក៏បាន បន្ត ទៀតថា ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើងជាគោលបំណងដើម្បីឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នក មាន គុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់ បរលោកទៅហើយនោះ ។ ដូច្នេះពិធីបុណ្យភ្ជំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរ សណ្តាន ដែលបានចែកឋានទៅកាន់បរលោក និង ជួយរំដោះ ឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និង ឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។ 
នៅក្នុងពិធីកាន់បិណ្ឌវេនទី៧នេះឯ.ឧ ទៀ បាញ់ ឯ.ឧ ឃឹម ប៊ុនសុង និង ឯកឧត្តម លោកជំទាវ ព្រម ទាំងបងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ ដើម្បីសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ដល់វត្តទាំង ៧ រួមមាន គ្រឿងឧបភោគ បរិភោគចំនួន ១៤មុខ ។ ក្នុងនោះដែរក៏បានធ្វើការប្រគេនសាដក់ និង បច្ច័យដល់ព្រះសង្ឃ ៧៥អង្គនិមន្ត មក ពីវត្តទាំង៧ ដោយក្នុងមួយអង្គៗសាដក់១ បច្ច័យ ៨ម៉ឺនរៀល សីលវ័ន្ត សីលវតី ៥០នាក់ ម្នាក់ៗ ក្រណាត់ ស០១ដុំ ថវិកា ៣ម៉ឺនរៀល និង តាអាចារ្យ ម្នាក់ៗ៥ម៉ឺនរៀល ។ 
ក្នុង នោះដែរបច្ច័យដែល ទទួល បានពី សំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្នុងឱកាសកាន់បិណ្ឌវេនទី៧នេះ ត្រូវបានវេរប្រគេន តំកល់ទុកសម្រាប់កសាងសមទ្ធិផលក្នុងវត្តនិមួយៗ ក្នុងនោះវត្តព្រះឥន្ទកោសីយ៍ នូវបច្ច័យ ចំនួន ១ពាន់ ២៦០ដុល្លា ប្រាក់ខ្មែរ ៣លាន៧៧២ពាន់៥០០រៀល និង ប្រគេនដល់វត្តទាំង០៦ ក្នុងមួយវត្តៗ ៦០០ដុល្លា ។
បន្តមកឯ.ឧ ទៀ បាញ់ និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និង បងប្អូនញាតិមិត្ត ពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតាជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ ដួង វិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិ មាតុភូមិ កម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ និង សូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខ័ន្តអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាតក្នុងឋានសុគតិភពកុំបីខានឡើយ ៕


































