ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្ត មន្ត្រីព្រៃឈើ និងមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បាននាំយកកូនឈើហូបផ្លែ និងកូនឈើប្រណិតៗ ១ពាន់ ១៦១ដើម មកដាក់ដាំនៅក្នុងបរិវេណសាលា បឋមសិក្សាអូរទ្រលោក ដើម្បីបង្ហាញដល់សិស្សានុសិស្ស គ្រប់ជំនាន់ និងគ្រប់កម្រិតសិក្សា ឲ្យចេះបណ្តុះទឹកចិត្តស្រឡាញ់សម្បត្តិព្រៃឈើ និងធនធានធម្មជាតិ និងការចែកជូនប្រជាពលរដ្ឋ ដើម្បីនាំយកទៅដាំនៅតាមលំនៅដ្ឋាន ព្រោះត្បិតព្រៃឈើ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយបំរែបំរួលអាកាសធាតុ។
ការដាំកូនឈើ និងការចែកជូនប្រជាពលរដ្ឋ នូវកូនឈើចម្រុះទាំង ១ពាន់ ១៦១ដើមនោះ បានធ្វើឡើងដើម្បីអបអរសារទររុក្ខទិវា ០៩ កក្កដា ២០២២ នៅក្នុងសាលាបឋមសិក្សាអូរទ្រលោក ស្ថិតនៅក្នុងភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានថ្លែងថា រាជរដ្ឋាភិបាល ត្រូវកំណត់សួន ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ជាតិ និងអន្តរជាតិ ដាំដើមឈើ ដើម្បីទុកជាអនុស្សាវរីយ៍។ លោកថា សម្រាប់ការដាំកូនឈើនៅក្នុងពេលនេះ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នឹងដាំកូនឈើប្រភេទចម្រុះ សរុប ១ពាន់ ១៦១ដើម ក្នុងនោះ កូនឈើក្រញូង ៣៨ដើម ,កូនឈើធ្នង់ ១ពាន់ ១១ដើម ,កូនឈើអំពិលទឹកបារាំង ៥០ដើម ,កូនឈើក្ងោក ៥០ដើម និងកូនឈើលឿងរាជ ១២ដើម កូនឈើទាំងនេះនឹងដាំលើទំហំផ្ទៃដី ១ពាន់ ៨៥៧ ម៉ែត្រការ៉េ នៅក្នុងសាលាបឋមសិក្សាអូរទ្រលោក។
លោក ពឹង ទ្រីដា បានបន្តថា ថ្ងៃនេះខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ក៏បានចូលរួមចំណែក ចែកកូនឈើចម្រុះចំនួន ៦៥០ដើម ក្នុងនោះ មានកូនស្វាយ ១២០ដើម ,កូនខ្នុរ ១០០ដើម ,កូនទាបបារាំង ១៥០ដើម ,កូនអំពិលផ្អែម ១៣០ដើម ,កូនក្រញូង ៥០ដើម ,កូនឈើធ្នង់ ៥០ដើម និងកូនឈើលឿងរាជ ៥០ដើម ជូនដល់ប្រជាពលរដ្ឋ យកទៅដាំតាមនៅតាមលំនៅដ្ឋាន ហើយលោកសង្ឃឹមថា នៅពេលអនាគត នឹងទទួលបានផ្លែផ្កា និងបានជួយដល់ការចូលរួមចំណែក ក្នុងការជួយសម្រាលដល់ជីវភាពរស់នៅ បានថែមមួយកម្រិតទៀត នៅពេលថ្ងៃអនាគត។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ក្រោមចក្ខុវិស័យដ៏ភ្លឺស្វាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងអាណត្តិទី៥ សម្តេចបានយកចិត្តទុកដាក់ ក្នុងការធ្វើកំណែទំរង់លើវិស័យព្រៃឈើ ដើម្បីទប់ស្កាត់ និងការស្ដារឡើងវិញ នូវធនធានព្រៃឈើដ៏មានតម្លៃ ដោយបានដាក់ចេញនូវវិធានការជាច្រើន ដូចជា បទបញ្ជាលេខ ០១, បទបញ្ជាលេខ ០២ និង រាជរដ្ឋាភិបាល បានចេញបទបញ្ជាលេខ០១ បប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ និង បញ្ញត្តិលេខ០៥ ស.គ.ណ.ន របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី វិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ចុះថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០១៦ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យ ក្នុងវិស័យព្រៃឈើ និងជំរុញការ ការពារថែទាំព្រៃឈើ ដែលបានដាំកន្លងមក និងការដាំដើមឈើថ្មីឡើងវិញ។
លោកអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ទៀតថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជម្រុញឲ្យខិតខំអនុវត្តគោលនយោបាយ ស្ដីពី កំណែទំរង់វិស័យព្រៃឈើជាតិ ឲ្យទទួលបានជោគជ័យ ដ៏ឧត្ដុង្គឧត្តម ព្រមទាំងថែរក្សាការពារ និង ដាំដុះព្រៃឈើឡើងវិញ ដើម្បីរួមចំណែក កាត់បន្ថយបំរែបំរួលអាកាសធាតុនៅកម្ពុជា។
លោក ប្រាក់ សុវណ្ណ បានជម្រុញដល់មន្ត្រីជំនាញពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចក្នុងខេត្ត នូវគ្រប់មូលដ្ឋាននីមួយៗ ឲ្យបន្តរួមគ្នាដាំដើមឈើឡើងវិញ ត្រូវអនុវត្ត និងចាត់វិធានការបង្ក្រាបឲ្យបានជាដាច់ខាត ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដែលកើតមានជាបន្តបន្ទាប់ នៅក្នុងដែនដីរដ្ឋបាលខេត្តព្រះវិហារ យើងនេះ។
គួរបញ្ជាក់ថា ខេត្តព្រះវិហារ ក្នុងគ្រាបច្ចុប្បន្ន មានសហគមន៍ព្រៃឈើ សរុប ៤៨សហគមន៍ ស្មើនឹងផ្ទៃដី សរុប ៧ម៉ឺន ១ពាន់ ៣៥០ ហិកតា ក្នុងនោះ មានប្រកាសទទួលស្គាល់ដោយក្រសួងកសិកម្មចំនួន ៣៨សហគមន៍ ស្មើនឹងផ្ទៃដី ៧ម៉ឺន ១ពាន់ ៣០៥ហិកតា និង សហគមន៍ព្រៃឈើ បានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ មានចំនួន ៤០សហគមន៍ ស្មើនឹងផ្ទៃដី សរុប ៥ម៉ឺន ៣ពាន់ ៨៣៣ហិចតា៕ដោយ៖ឡុង សំបូរ