ស្នងការនគរបាលខេត្តព្រះវិហារ នាំយកទៀនព្រះវស្សា និងគ្រឿងបរិក្ខា ប្រគេណព្រះសង្ឃ ២០វត្ត ដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងពុទ្ធសីមា នៅទីដាច់ស្រយាលមួយ ដើម្បីជួយទ្រទ្រង់ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា នៅកម្ពុជា

0

ខេត្តព្រះវិហារ៖ ច្បាប់កម្ពុជាបានចែងថា «ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ»។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលរួមគោរព ប្រតិបត្តិ ការជួយថែរក្សា ការជួយទ្រទ្រង់ និងការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា នៅកម្ពុជា ឲ្យកាន់តែល្អផូរផង់ថែមទៀត។

ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីអាជ្ញាធរដែនដី និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តផងនោះ បាននាំយកទៀនព្រះវស្សា គ្រឿងបរិក្ខាប្រើប្រាស់ និងថវិកាមួយចំនួន ទៅប្រគេណព្រះសង្ឃគង់ក្នុងវត្តចំនួន ២០ ដើម្បីជួយទ្រទ្រង់ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងបាននាំយកអំណោយ ចែកជូនជនពិការដែលមានជីវភាពខ្វះខាត ចំនួន ៦០គ្រួសារ មកពីឃុំចំនួន ៦ នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

ពិធីប្រគេណទៀនព្រះវស្សា និងការចែកអំណោយដល់ជនពិការ ដែលបានធ្វើឡើងកាលពីថ្ងៃទី២១កក្កដាម្សិលមិញនោះ គឺបានប្រារព្ធធ្វើនៅក្នុង «មជ្ឈមណ្ឌលវិបស្សនាធុរៈ ភូមិភាគឦសាននៃកម្ពុជា វត្តព្រះបរមរាជ្យមហាពោធិ៍បញ្ជសហស្សារាម ហៅវត្ត ពោធិ៍ប្រាំពាន់ដើម» ស្ថិតនៅក្នុងភូមិគូលែនខាងត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានថ្លែង កោតស្ញប់ស្ញែងពីភាពរីកចម្រើនរបស់វត្តពោធិ៍ប្រាំពាន់ដើម ក្រោមការដឹកនាំ និងកសាងពីព្រះសីមានុ ចារីបាឡាត់វិមុត្តិ សៀន គុណលាភ ព្រះបាឡាត់គណៈខេត្តព្រះវិហារ និងក៏មានការចូលរួមពីពុទ្ធបរិស័ទ ផងដែរ ។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងទៀតថា វិស័យព្រះពុទ្ធសានានៅកម្ពុជា ក្នុងគ្រាបច្ចុប្បន្ននេះ ពិតជាមានការរីកចម្រើនទាំងពុទ្ធចក្រ និងអាណាចក្រ គឺភាពរីកចម្រើនប្រកបដោយការអភិវឌ្ឍន៍នេះហើយ បានមកដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងការអនុវត្តន៍គោលនយោបាយឈ្នះឈ្នះ របស់ សម្ដេចអគ្គមហាសេនាតីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា​ បានថ្លែង ដោយស្វែងរកការគាំទ្រពី ព្រះតេជ្ជគណ ព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា និងប្រជាពុទ្ធបរិស័ទ ឲ្យបន្តគាំទ្រដល់គោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីរួមគ្នាដឹកនាំ និងកសាងប្រទេសជាតិ ក៏ដូចមូលដ្ឋានរស់នៅ ឲ្យកាន់តែមានភាពរីកចម្រើន ជាពិសេស ដើម្បីទ្រទ្រង់ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ទុកសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានផ្តាំផ្ញើ និងធ្វើការក្រើនរំលឹក ដល់ប្រជាពុទ្ធបរិស័ទទាំងអស់ ឲ្យជួយអប់រំកូនចៅ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ ព្រោះអំពើទាំងអស់នេះ ជាទង្វើផ្ទុយពីច្បាប់សង្គម។

ព្រះបាឡាត់គណៈខេត្តព្រះវិហារ​ ព្រះតេជ្ជគណ សៀន គុណលាភ បានមានសង្ឃដីកា អរគុណជាពន្លឹក ចំពោះការធ្វើទៀនរបស់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងក្រុមការងារទាំងអស់ ដែលបាននាំយកទៀតព្រះវស្សា និងគ្រឿងបរិក្ខាប្រើប្រាស់ រួមទាំងបច្ច័យ មកប្រគេណដល់ព្រះសង្ឃនិមន្តមកពីវត្តចំនួន ២០ នៅក្នុងស្រុកគូលែននេះ ដើម្បីចូលរួមទ្រទ្រង់ដល់ព្រះពុទ្ធសាសនា ក៏ដូចជា ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីរៀនសូត្រធម៌ គម្ពីរក្បួនច្បាប់ផ្សេងៗ ទៅតាមលំអាន នៃព្រះពុទ្ធសាសនាខ្មែរ នៅក្នុងពេលនេះ។

បន្ទាប់មក លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានអញ្ជើញប្រគេណទៀនព្រះវស្សា គ្រឿងបរិក្ខា និងបច្ច័យ ថ្វាយដល់ព្រះសង្ឃនិមន្តមកពីវត្តចំនួន ២០ ដោយវត្តនីមួយៗ ទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ  ១យួរ ទឹកបរិសុទ្ធ ៩យួរ ទានព្រះវស្សា ១គូរ ស្លាដក់១ និងបច្ច័យ ២០ម៉ឺនរៀល។

ដោយឡែក ជនពិការ ៦០នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកបរិសុទ្ធ ១យួរ តែ ១កញ្ចប់ ស្ករសកន្លះគីឡូក្រាម និងថវិកា ៣ម៉ឺនរៀល និងតាជី យាយជី ១០០នាក់ ក្នុងម្នាក់ៗ ទទួលបានក្រមា១ ថវិកា ១ម៉ឺនរៀល និង ថវិកា ៤០លាន ៣សែនរៀល ដែលបានចំណាយលើការរៀបចំពិធីនេះ គឺជាការឧបត្ថម្ភរួមគ្នា របស់ព្រះបាឡាត់គណៈខេត្តព្រះវិហារ​ ព្រះតេជ្ជគណ សៀន គុណលាភ និងលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ៕ដោយ៖ឡុង សំបូរ