ខេត្តព្រះវិហារ៖ «វត្តកែវសិក្ខាគិរីស្វារៈ ឬហៅម្យ៉ាងទៀតថា វត្តប្រាសាទព្រះវិហារ» វត្តនេះត្រូវគេដឹងថា គឺជាវត្តដ៏ចំណាស់មួយ និងត្រូវបានសាងសង់ឡើង អស់រយៈកាលជាច្រើនទសវត្សន៍មកហើយ ដោយស្ថាប្យករខ្មែរ សាងសង់នៅជាប់នឹងចំរ៉ាក់ភ្នំដងរែក ជាប់ផ្លូវឡើងទៅកាន់រមណីដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ គឺជាកេរ្តិ៍មរតកតែមួយគត់ ដែលដូនតាខ្មែរបានបន្សល់ទុកឲ្យកូនចៅគ្រប់ៗជំនាន់ក្រោយ។
វត្តដ៏ចំណាស់មួយនេះ តាំងពីដើមរៀងមក មិនសូវមានមនុស្សម្នា ឬអ្នកមុខអ្នការនានា នាំយកទៀនវស្សា ទេយ្យទាន ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាផ្សេងៗ ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តដាច់ស្រយាលនោះឡើយ ព្រោះដ្បិតវត្តនេះមានចម្ងាយឆ្ងាយ និងស្ថិតនៅលើទីខ្ពស់ ដែលស្ទើរតែគ្មានការដង្ហែរបុណ្យទាននានា ឡើងទៅដល់ទីនោះសោះទេ។
ស្របពេលដែលកម្ពុជា កំពុងប្រារព្ធពិធីចូលព្រះវស្សា ទៅតាមលំអាននៃព្រះពុទ្ធសាសនាខ្មែរ ហើយព្រះសង្ឃដែលគង់នៅទីអារ៉ាមនោះ ក៏ត្រូវនិមន្តចូលព្រះវស្សា ដើម្បីគង់ចាំត្រីមាសក្នុងពុទ្ធសីមា និងដោយមើលឃើញពីភាពចាំបាច់ ក្នុងការចូលរួមចំណែក ក្នុងការទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាខ្មែរ ឲ្យកាន់រីកចម្រើន ល្អផូរផង់ សម្រាប់ជាទីសក្ការៈបូជា នៃប្រជាពុទ្ធបរិស័ទទូទៅ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានដឹកនាំក្រុមការងារ នាំយកទៀនវស្សា ទេយ្យទាន ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាមួយចំនួន ទៅប្រគេនព្រះសង្ឃដែលគង់ចាំត្រីមាស ដើម្បីសិក្សាក្បួនច្បាប់ ក្បួនតម្រា និងធម៌អារនានា នៅ«វត្តកែវសិក្ខាគិរីស្វារៈ ឬ វត្តប្រាសាទព្រះវិហារ» នៅចំរ៉ាក់ភ្នំដងរ៉ែក ស្ថិតនៅក្នុង ភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ទេយ្យទាន ទេយ្យវត្ថុ រួមនឹងបច្ច័យ ដែលត្រូវប្រគេនព្រះសង្ឃនៅ«វត្តកែវសិក្ខាគិរីស្វារៈ»នោះ រួមមាន៖ ទៀនវស្សា ២គូរ អង្ករ ១០បេ មី ៨កេស ទឹកស៊ីអ៊ីវ ១០យួរ ទឹកត្រី ១០យួរ ទឹកបរិសុទ្ធ ៨កេស បច្ច័យ ៣លាន ៥សែន ៥ម៉ឺនរៀល ប្រាក់ដុល្លារ ៩០០ដុល្លារ និងគ្រឿងបរិក្ខាជាច្រើនមុខទៀត ផងដែរ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងថា កាលដើមឡើយ វត្តដែលស្ថិតនៅលើទីខ្ពស់នេះ មិនសូវមានមនុស្សម្នាមកជួបជុំ និងធ្វើបុណ្យទានរួមគ្នា ដូចពេលបច្ចុប្បន្ននេះទេ ដោយសារទីនេះ គឺជាទីតាំងសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក ឮតែសម្លេងគ្រាប់គួរឲ្យរន្ធត់។ ប៉ុន្តែ ពេលនេះទីសមរភូមិប្រយុទ្ធ និងទីដែលធ្លាប់តែលឺសម្លេងគ្រាប់ផ្ទុះ បានប្រែក្លាយមកជាសូរស័ព្ទព្រះធម៌ ដែលស្ទើរតែនឹកស្មានមិនដល់សោះនោះទេ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងទៀតថា អ្វីដែលផ្លាស់ប្តូរមកជាបែបនេះ គឺដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំនូវការបង្រួបបង្រួមជាតិ ការផ្សះផ្សារជាតិ និងសុខសន្តិភាពពេញលេញ ដែលយើងទទួលបានមកដោយលំបាក។
លោកឧត្តមសេនីយ៍ មេបញ្ជាការ បានបញ្ជាក់ថា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចតេជោ បានប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់តែមានជម្លោះប្រដាប់អាវុធ និងការបង្ហូរឈាមឥតឈប់ឈរនោះ ឥឡូវនេះបានប្រែក្លាយមកជា ព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅ ធ្លាប់តែទទួលរងនូវការភ័យខ្លាច មកជាញញឹមស្រស់ស្រាយ រីករាយ រាក់ទាក់ មានសន្តិសុខ សុវត្ថិភាព ពិសេស ការទទួលបានសុខសន្តិភាពយ៉ាងពេញបរិបូណ៌ រីឯវិស័យព្រះពុទ្ធសាសនា ក៏មានការរីចម្រើនទាំងពុទ្ធចក្រ និងអាណាចក្រ ផងដែរ៕ដោយ៖ឡុង សំបូរ