មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ជម្រុញមន្ត្រីក្រោមឱវាទ ខិតខំបង្កា ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ

0

ខេត្តព្រះវិហារ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងជម្រុញបែបនេះ ក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្ត ចំនួន ១២នាក់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។

យោធិន នៃកងរាជអាវុធហត្ថខេត្ត ដែលត្រូវទទួលបានការតម្លើងឋានន្តរស័ក្តិ នៅក្នុងថ្ងៃនេះ មានចំនួន ១២នាក់ គឺ ចាប់ពីថ្នាក់ព្រិន្ទបាលឯក ដល់ថ្នាក់អនុសេនីយ៍ទោ ដែលបានអនុវត្តតួនាទី ភារកិច្ចនាពេលកន្លងមក បានយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ​ បានថ្លែងក្រើនរំលឹក និងជម្រុញ ដល់យោធិនដែលទើបត្រូវបានតម្លើងឋានន្តរស័ក្តិទាំង ១២នាក់ ក៏ដូចនាយ និងពលអាវុធហត្ថទាំងអស់ ឲ្យខិតខំអនុវត្តការងារទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ត្រូវពង្រឹងលើការគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង ទៅតាមគោលការណ៍របស់ កងយោធពលខេមរភូមិន្ទ ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ និងត្រូវខិតខំរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ពិសេស បទល្មើសគ្រឿងញៀន អំពើចោរកម្ម និងបទល្មើសធនធានធម្មជាតិផងដែរ ដែលបាន និងកំពុងកើតឡើងនៅក្នុងដែនដីដែលខ្លួនគ្រប់គ្រង ដើម្បីធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ​ បានថ្លែងទៀតថា ក្រៅពីការអនុវត្តតួនាទី ភារកិច្ចខាងលើនោះ ក៏ត្រូវខិតខំកសាងអំពើល្អ និងការបំរើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ត្រូវចូលរួមក្នុងវិស័យមនុស្សធម៌ និងសង្គមធម៌ ដូចជា ចុះជួយប្រជាពលរដ្ឋគ្រាដែលពួកគាត់ ជួបគ្រោះអគ្គិភ័យ គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះធម្មជាតិនានាទៀត ឲ្យបានទាន់ពេលវេលា ត្រូវធ្វើខ្លួនឲ្យសក្តិសមជាកូនចៅប្រជាជន និងជាកងរាជអាវុធហត្ថ ក្នុងក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ៕ដោយ៖ឡុង សំបូរ