រដ្ឋលេខាធិការក្រសួងរ៉ែ ក្រើនរំលឹកប្រធានមន្ទីររ៉ែ និងថាមពលខេត្ត និងមន្ត្រីក្រោមឱវាទ ខិតខំត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវបំផុត លិខិតបទដ្ឋានគតិយុត្តិ គោលការណ៏ណែនាំរបស់ក្រសួង និងការចង្អុលបង្ហាញរបស់រដ្ឋបាលខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿន ក្រើនរំលឹករបស់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ស៊ុយ ឌីម៉ង់ ដែលជាតំណាង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែង ក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររ៉ែ និងថាមពលថ្មី ខេត្តព្រះវិហារ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាខេត្តព្រះវិហារ។

ពិធីនោះទៀត អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ក៏បានអញ្ជើញជាអធិបតី ក្នុងគ្រានោះផងដែរ និងក៏មានការចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុង និងស្រុក ជាច្រើនរូបទៀត ផងដែរ។

ប្រធានមន្ទីររ៉ែ និងថាមពលថ្មី ខេត្តព្រះវិហារ លោក ស៊ុន ច័ន្ទរក្សា ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជំនួសលោក យូ ចិន្តាយុទ្ធ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ដោយសម្តែង នូវមនោសញ្ចេតនាសប្បាយរីករាយយ៉ាងក្រៃលែង គ្រាដែលោកបានចូលរួមក្នុងពិធី ប្រកាសចូលកាន់តំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តនាពេលនេះ និងលោកបានថ្លែង រកការជំរុញលើកទឹកចិត្ត ដល់ប្រធានមន្ទីររ៉ែថ្មី មន្ត្រី និងបុគ្គលិកនៃមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ទាំងអស់ ត្រូវបន្តបេសកកម្មការងារវិស័យរ៉ែ និងថាមពល នៅក្នុងក្របខ័ណ្ឌរបស់ខេត្តព្រះវិហារ ឱ្យបានកាន់តែរីកចម្រើនជាងនេះ ថែមទៀត។

លោក គីម រិទ្ធី បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចមន្ទីរ អង្គភាពជុំវិញខេត្ត លោកនឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដោយអនុវត្តន៍នូវគោលនយោបាយជាតិ ស្តីពីធនធានរ៉ែ ដែលត្រូវបានរៀបចំឡើង ដើម្បីបង្ហាញនូវចក្ខុវិស័យ និងគោលបំណង ធ្វើឡើង ដើម្បីអនុវត្តន៍នូវធនធានរ៉ែ និងធានាឱ្យការអនុវត្តន៍ធនធានរ៉ែ ធ្វើឡើងដោយចីរភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល និតិកាលទី៦ នៃរដ្ឋសភាជាតិ។

រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ស៊ុយ ឌីម៉ង់ ក្នុងនាមលោករដ្ឋមន្ត្រី ស៊ុយ សែម និងថ្នាក់ដឹកនាំក្រសួង បានណែនាំដល់លោកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ ដែលទើបត្រូវបានតែងតាំងថ្មី ក៏ដូចជាមន្ត្រីក្នុងមន្ទីររ៉ែ និងថាមពលទាំងអស់ ត្រូវវអនុវត្តន៍ និងក្តាប់ឱ្យបាននូវគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងវិស័យរ៉ែ និងថាមពល ,ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវបំផុតនូវលិខិតបទដ្ឋានគតិយុត្តិ គោលការណ៍ណែនាំរបស់ក្រសួង និងការចង្អុលបង្ហាញរបស់រដ្ឋបាលខេត្តព្រះវិហារ ,ត្រូវរក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង ,ត្រូវដឹកនាំប្រកបដោយគណនេយ្យភាព និងព្រហ្មវិហារធម៌ ប្រកាន់ខ្ជាប់នូវសច្ចភាព តម្កល់ផលប្រយោជន៍ស្ថាប័ន និងអង្គភាពជាធំ។ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ចំពោះមន្ត្រីក្រោមឱវាទ ត្រូវគោរពវិន័យ និងបទបញ្ជាថ្នាក់លើ ប្រកបដោយភាពស្មោះត្រង់ និងគោរពប្រយោជន៍សមូហភាពឲ្យបានជាដាច់ខាត។

ប្រធានមន្ទីររ៉ែ និងថាមពលថ្មី ខេត្តព្រះវិហារ លោក ស៊ុន ច័ន្ទរក្សា បានប្តេជ្ញា ចូលរួមអនុវត្តន៍នូវកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងរួមចំណែកអនុវត្តន៍ផែនការសកម្មភាព និងទិសដៅរបស់ក្រសួង និងខេត្ត ឲ្យទទួលបានលទ្ឋផលល្អប្រសើរ ,ខិតខំបំពេញតួនាទី ជាប្រធានមន្ទីររ៉ែ និងថាបពលខេត្តឲ្យបានល្អ សក្តិសមជាសេនាធិការរបស់ក្រសួង និងរដ្ឋបាលខេត្ត ក្នុងវិស័យរ៉ែ និងថាមពល នៅមូលដ្ឋាន ដោយផ្អែកតាមតួនាទី ភារកិច្ច ដែលក្រសួងប្រគល់ជូន ,ខិតខំគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំ ចង្អុលបង្ហាញ និងទទួលយកនូវការផ្តល់អនុសាសន៍នានា របស់ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំក្រសួង ឲ្យបានល្អប្រសើរ ដើម្បីពង្រឹងការគ្រប់គ្រង ប្រកបដោយប្រសិទ្ឋភាព និងតម្លាភាព ,រក្សាការសហការណ៍ជាមួយបណ្តាមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សភាពាណិជ្ជកម្ម អង្គការ សមាគមនានា ដើម្បីសម្របសម្រួលរាល់ការអនុវត្តន៍ភារកិច្ចឲ្យបានល្អជាប្រចាំ និងទទួលបានលទ្ឋផលល្អប្រសើរ ,បន្តពង្រឹងធនធានមនុស្សឲ្យកាន់តែមានសមត្ថភាព ដើម្បីអនុវត្តការងារបានល្អ និងម៉ឹងម៉ាត់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ សមធម៌ សច្ចភាព និងយុត្តិធម៌ ជូនមន្ត្រីរាជការក្រោមឱវាទ ,ធ្វើការបែងចែកតួនាទីភារកិច្ច ជូនមន្ត្រីរាជការម្នាក់ៗទៅតាមជំនាញ សមត្ថភាពការងារ របស់ខ្លួន ឲ្យមានការទទួលខុសត្រូវខ្ពស់ ដើម្បីប្រសិទ្ឋភាពការងារ ,ពង្រឹងការអនុវត្តច្បាប់ទាក់ទងនឹងវិស័យរ៉ែ និងថាមពល ជំរុញការគៀងគរចំណូលជូនរដ្ឋ និងពង្រឹងថែរក្សាស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង របស់មន្ទីរឲ្យបានល្អប្រសើរ៕ដោយ៖ឡុង សំបូរ