បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចុះធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ គេចចេញពីគ្រោះមហន្តរាយធម្មជាតិ នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នៅថ្ងៃទី៩សីហាម្សិលមិញ បានធ្វើការត្រួតពិនិត្យ និងប្រគល់ភារកិច្ចដល់កងកម្លាំងអន្តរាគមន៍ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបគ្រោះមហន្តរាយធម្មជាតិ ពិសេស គ្រោះទឹកជំនន់ ដែលកើតមានឡើង នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

នៅក្នុងខណៈត្រួតពិនិត្យកម្លាំងអន្តរាគមន៍នោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើការផ្សព្វផ្សាយ ពីស្ថានភាពអាកាសធាតុ ដែលបានកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា នៅក្នុងដែនដីរដ្ឋបាលខេត្តព្រះវិហារទាំងមូល ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងកងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងអំណរគុណ ចំពោះនាយទាហាន និងពលទាហានទាំងអស់ ដែលតែងស្តាប់ និងអនុវត្តតាម នូវរាល់បទបញ្ជាថ្នាក់លើ ដែលបានដាក់ជូន ដោយតម្រូវឲ្យត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈឲ្យបានគ្រប់គ្រាន់រួចជាស្រេច ដើម្បីរង់ចាំអនុវត្តចុះធ្វើអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ គេចចេញពីគ្រោះធម្មជាតិ ដែលកើតឡើងជាយថាហេតុ ពិសេស គ្រោះទឹកជំនន់ឲ្យបានទាន់ពេលវេលា នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ យើងនេះ ៕ដោយ៖ឡុង សំបូរ