អភិបាលខេត្តព្រះវិហារ ជម្រុញឲ្យមានការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ត្រូវពង្រឹងការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ ឲ្យខាងតែបានដាច់ខាត

0

ខេត្តព្រះវិហារ៖ ប្រសាសន៍ជំរុញរបស់ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ក្នុងពេលដែលលោក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ។

នៅក្នុងកិច្ចប្រជុំនោះផងទៀត ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុកទាំង៨ មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មេឃុំ-ចៅសង្កាត់ មេប៉ុស្ដិ៍នគរបាលរដ្ឋបាល មកពីគ្រប់ឃុំ-សង្កាត់ និងមន្ត្រីអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ផងដែរ។

នៅក្នុងកិច្ចប្រជុំនោះទៀត មន្ត្រីមកពីគ្រប់ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ បានរាយការណ៍ អំពី​ បញ្ហាប្រឈម និងដំណោះស្រាយសំខាន់ៗនានា ក្នុងនោះរួមមាន៖ ការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ, ការងារបង្ករបង្កើនផលស្រូវរដូវវស្សា និងដំណាំកសិឧស្សាហកម្ម, ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះលើវិស័យបរិស្ថានជាដើម។ល។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង​ រកការជំរុញដល់អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងដែលជាមន្ត្រីនគរបាលយុត្តិធម៌ មន្ត្រីជំនាញគ្រប់ប្រភេទ នៅគ្រប់មូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធព្រំដែន ត្រូវពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេស ការជួញដូរគ្រឿងញៀន ការរត់ពន្ធឆ្លងដែន ,ត្រូវពង្រឹងការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ ត្រូវពង្រឹងលើការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ  និងរបៀងអភិរក្សចម្រុះលើវិស័យបរិស្ថាន ឲ្យខាងតែបានជាដាច់ខាត ។

លោក គីម រិទ្ធី ក៏នៅបានក្រើនរំលឹក ឲ្យបន្តពង្រឹងលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈ ​ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចុះសម្រាប់ការអនុវត្តនាពេលកន្លងមក ដើម្បីធានាបាន នូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ ថែមទៀត៕ដោយ៖ឡុង សំបូរ