គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំរួមគ្នា ដើម្បីរិះរកវិធានការ ត្រៀមបង្ការ មុនពេល កំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយកើតឡើង

0

ខេត្តស្ទឹងត្រែង៖ អភិបាលស្តីទីនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជា ថាវរិទ្ធ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងគោលបំណង ក្តាប់ឲ្យបានរាល់ព័ត៌មាន និងព្រឹត្តការណ៍ផ្សេងៗ ពិសេសការងារគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ បង្ការ ជួយសង្រ្គោះ មុនពេល កំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយកើតឡើង ព្រមទាំងត្រៀមនូវសម្ភារៈ និងស្បៀង សម្រាប់ធ្វើការឆ្លើយតបបានទាន់ពេលវេលា។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តស្ទឹងត្រែង។

អភិបាលស្តីទីនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗ ក្នុងការប្រើប្រាស់កម្លាំង មធ្យោបាយសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងករណីត្រូវជម្លៀសទៅនៅទីទួលមានសុវត្ថិភាព។

លោក ជា ថាវរិទ្ធ បានថ្លែង ជំរុញឲ្យបន្តកិច្ចសហការជាមួយដៃគូរអភិវឌ្ឍ សប្បុរសជននានា ក្នុងការត្រៀមលក្ខណៈក្នុងការបង្ការ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា ដែលអាចនឹងកើតមានឡើងជាយថាហេតុ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងទាំងមូល ត្រូវបន្តការយកចិត្តទុកដាក់អនុវត្តន៍សារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបន្តការតាមដានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដើម្បីបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងមានវិធានការការពារ និងទប់ស្កាត់ ឱ្យបានទាន់ពេលវេលា។

លោកអភិបាល ស្តីទីខេត្តស្ទឹងត្រែង បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីជួយសង្គ្រោះឲ្យបានរហ័ស និងទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើងជាយថាហេតុ បញ្ហាសំខាន់គឺត្រូវដឹងពីដំណោះស្រាយឲ្យបានមុន ជាពិសេស អាជ្ញាធរមានសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស និងធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលា និងបន្តណែនាំជាប្រចាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ។

គួរបញ្ជាកើថា អាជ្ញាធរខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងលេខ០១១ ចុះថ្ងៃទី១១សីហា ស្តីពីស្ថានភាពនៃការកើន ឡើងកម្ពស់ទឹកទន្លេ និងករណីដែលអាចមានគ្រោះមហន្តរាយទឹកជំនន់ ជូនទៅប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទន្លេទាំង ៤ ក្នុងនោះ មានមេគង្គ ទន្លេសេសាន ទន្លេសេកុងនិងទន្លេស្រែពក ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ បង្កើនសុវត្ថិភាពចំពោះគ្រួសារនីមួយៗ ដើម្បីបញ្ជៀសបាននូវហានីភ័យធ្ងន់ធ្ងរ៕ ដោយ៖ឡុង សំបូរ