កំពង់ធំៈ នៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៤ លោកវរៈសេនីយ៍ទោ ថន ស៊ីសក្តា មេបញ្ជាការវរៈសេនាតូចលេខ១ ព្រមទាំងមន្ត្រីក្រោមឳវាទបានអញ្ជើញចុះសួរសុខទុក្ខ ដល់គ្រួសារជនពិការ និងជាអតីតយោធិន នៃវរៈសេនាតូចលេខ១ និង
ត្រូវបានសំរាកពីការងារដោយសារតែ ជួបនូវឧបទ្ទព្វហេតុគ្រោះថ្នាក់ចរាចរណ៍ ត្រូវចំក្បាលជង្គង់ និងត្រង់ពោះដ៏ធ្ងន់ធ្ងរ និងបាននាំយកមកនូវ គ្រឿងឧបភោគបរិភោគជូនដល់គ្រួសារអតីតយោធិនក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ។
លោកវរៈសេនីយ៍ទោ ថន ស៊ីសក្តា បានឲ្យដឹងថា ការនាំយកអំណោយមកជូនដល់ គ្រួសារអតីតយោធិននេះ ដោយមានណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំឲ្យមេបញ្ជាការផ្នែកសឹករង និងគ្រប់កងវរៈសេនាតូច ចុះសួរសុខទុក្ខ ដល់អតីតយោធិន ដើម្បីបង្ហាញពីទឹកចិត្តអាណិតស្រឡាញ់ របស់មិត្តកងយោពលខេរៈភូមិន្ទ ដែលធ្លាប់បានសាងទុកនូវអនុស្សាវរីយ៍ ក្នុងការបំរើ ជាតិមាតុភូមិ និងបានឆ្លងកាត់គ្រប់ឧបស័គ្គកន្លងមក។ 
ក្នុងឳកាសនោះដែរ លោកវរៈសេនីយ៍ទោ បានផ្តល់នូវគ្រឿងឧបភោគបរិភោគ ជូនលោក កៅ គី រស់នៅភូមិ សានគ (ខ) ឃុំសានគ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមមាន មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ៤យួរ ប៊ីចេង១កញ្ចប់ ក្រម៉ា១មួយ ស្កសរ១គ.ក ទឹកដោះគោ៣កំប៉ុង និងថវិការ១០ម៉ឺនរៀល ដើម្បីចូល រួមចំណែកក្នុងការលើកទឹកចិត្តដល់អតីតយោធិន លោកបានបន្តថា ទោះជាអំណោយនាំមកជូននេះ មានតិចតួចស្តួចស្តើងក្តី តែក៏ជាទឹកចិត្តដ៏ស្មោះសរ របស់កងកម្លាំងនៃវរៈសេនាតូចលេខ១ ដើម្បីបញ្ជាក់ពីក្តីអាណិតនិងស្រឡាញ់ដែលពុំអាចកាត់ថ្លៃបាន។
លោកមេបញ្ជាការវរៈសេនាតូចលេខ១ បានពាំនាំនូវការសួរសុខទុក្ខ ពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន និងថ្នាក់ដឹកនាំ នៃតំបន់សឹករងកំពង់ធំ ដោយការគោរព អាណិតស្រឡាញ់ និងបានផ្តាំផ្ញើរឲ្យខិតខំតស៊ូ ប្រឹងប្រែង អប់រំកូនចៅ បង្ហាត់បង្រៀនឲ្យដើរតាមគន្លងធម៌ និងជម្រុញឲ្យកូនចៅមានការៀនសូត្រ ប្រព្រឹត្តតែ អំពើល្អ ឲ្យក្លាយទៅជាក្មេងល្អ មនុស្សល្អ រស់នៅក្នុងសង្គម និងសូមឲ្យចៀសវាងកុំឲ្យមានការ ពាក់ព័ន្ឋទៅ នឹងបទល្មើសផ្សេងៗ ជាពិសេសគឺគ្រឿងញៀន ដែលជាអំពើខុសច្បាប់ ។ ដោយ ប៊ុន រដ្ឋា 





































