ខ្សែការពារ Nacho Monreal (ណាឆូ ម៉ុងរ៉េអាល់) នឹងមិនធ្វើដំណើរជាមួយក្លិបកាំភ្លើងធំ Arsenal ឡើយ សម្រាប់ការប្រកួត Champions League ជាមួយក្លិប Borussia Dortmund (បូរូសៀ ដតម៉ាន់) នៅយប់នេះ ដោយសារតែបញ្ហារបួសខ្នង ខ្សែការពាររូបនេះនឹងត្រូវខកខានសម្រាប់ការប្រកួតក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែបើយោងតាមគេហទំព័រ Goal.com បានរាយការណ៍ថា រូបគេត្រូវបានគេរំពឹងថាអាចនឹងជាសះស្បើយឡើងវិញសម្រាប់ការប្រកួតក្នុងក្របខណ្ឌ Premier League ជាមួយក្លិប Aston Villa នៅថ្ងៃសៅរ៍។
ជាមួយគ្នានោះ ខ្សែការពារ Calum Chambers (ខាឡុំ ឆមប៊ឺ) ក៏នឹងត្រូវអវត្តមានផងដែរសម្រាប់ការប្រកួត ជុំដំបូងក្នុងវគ្គ Group Stage នេះស្របពេលដែលកីឡាករ ម៉ាធូ ដេប៊ូឈី (Mathieu Debuchy) កំពុងមានបញ្ហារបួសកជើង ។ គួរបញ្ជាក់ថា សម្រាប់ការប្រកួតនៅយប់នេះ គ្រូបង្វឹក Arsene Wenger ប្រហែលជាអាចដាក់កីឡាករយុវជន Hector Bellerin (ហិចទ័រ ប៊េលលើរីន) ឲ្យលេងនៅតំណែងខ្សែការពារស្តាំ ៕ដោយផន សុខជាតិ







































