មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ជំរុញយោធិនក្រោមឱវាទ ត្រូវបន្តខិតខំហ្វឹកហ្វឺនក្បួនយុទ្ធសាស្ត្រយោធា ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដី ឲ្យកាន់តែរឹងមាំថែមទៀត

0

ខេត្តព្រះវិហារ៖ មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែង ជំរុញបែបនេះ គឺក្នុងពេលដែលលោកឧត្តមសេនីយ៍ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងប្រជុំផ្សព្វផ្សាយ ស្តីពី ការចាត់តាំងផែនការ រៀបរយសណ្តាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធនានា និងទីតាំងភូមិសាស្រ្ដ កងទ័ពឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា កិច្ចប្រជុំនៅក្នុងពេលនេះ ដើម្បីជាការដកស្រង់បទពិសោធន៍ អំពីរចនាសម្ព័ន្ធ និងពង្រឹងកម្លាំងជំនាញ តាមបណ្តាការិយាល័យ ក្នុងអង្គភាពទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ និងដើម្បីរៀបចំស្នើបំពេញបន្ថែម រាល់កង្វះខាតផ្សេងៗ ឲ្យបានត្រឹមត្រូវតាមស្តង់ដារ ក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ បានថ្លែង រកការជំរុញដល់យោធិនទាំងអស់ ត្រូវប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត ក្នុងការខិតខំពុះពារជម្នះរាល់ឧបសគ្គនានា រហូតសម្រេចបាន នូវស្នាដៃ និងសមិទ្ធិផលគួរឱ្យកត់សម្គាល់ ហើយកត្តាជោគជ័យនេះ បានមកដោយការខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបន្តថា កងកម្លាំងត្រូវផ្តោតលើការពង្រឹងខឿនការពារជាតិ ត្រូវធ្វើជាម្ចាស់ការក្នុងការបំពេញភារកិច្ចស្នូលក្នុងអង្គភាព និងដល់កងកម្លាំងរបស់ខ្លួន ដូចជា ការងារការពារព្រំដែន ផ្តល់ការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ និងបំប៉នមុខជំនាញ ដើម្បីចូលរួមលើកិច្ចការងារស្តារ និងអភិវឌ្ឍជាតិ ព្រមទាំងចូលរួមសហការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ និងពង្រឹងដល់យោធិន និងគ្រួសារ ធានាថែរក្សា នូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍជូនជាតិ មាតុភូមិ និងប្រជាជន។

មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបញ្ជាក់ថា សមិទ្ធិផល និងស្នាដៃ ដែលយើងទាំងអស់គ្នា ប្រឹងប្រែងសម្រេចបាននេះ គឺកើតឡើងក្រោមការដឹកនាំ ចង្អុលបង្ហាញដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ក៏ដូចជាការចូលរួមអនុវត្តតួនាទី ភារកិច្ច របស់ មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ នៅក្នុងកងពលតូចអន្តរាគមន៍លេខ៩ និងការជួយជ្រោមជ្រែង ឧបត្ថម្ភគាំទ្រ តាមបណ្តាស្ថាប័នរដ្ឋ និងអង្គភាពសម្ព័ន្ធមេត្រីភាព ផងដែរ៕ដោយ៖ឡុង សំបូរ