ខេត្តព្រះវិហារ៖ ប្រសាសន៍ក្រើនរំលឹករបស់ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ក្នុងគ្រាដែលលោក បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ កងកម្លាំងនគរបាលខេត្តព្រះវិហារ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅស្នងការដ្ឋានគរបាលខេត្តព្រះវិហារ។
នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំនៃកងកម្លាំងទាំង៣ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត និងកងកម្លាំងនគរបាលខេត្ត ដ៏ច្រើនកុះករ ថែមទៀតផង។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលតែងបានគិតគូ និងយកចិត្តទុកដាក់ ចំពោះភាពសុខទុក្ខរបស់ កងកម្លាំងប្រដាប់អាវុធជានិច្ច។
លោក គីម រិទ្ធី បានថ្លែង ក្រើនរំលឹក ដល់កម្លាំងស្នងការនគរបាលខេត្តទាំងអស់ ត្រូវមានវិន័យល្អ បន្តអនុវត្តរួមគ្នាជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង ៧ចំណុចរបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចុះឲ្យអនុវត្តអស់រយះពេលជាង ១០ ឆ្នាំកន្លងមក ឲ្យទទួលបានជោគជ័យ។
លោកអភិបាលខេត្ត បានបន្តថា កម្លាំងនគរបាលខេត្ត ត្រូវលើកកម្ពស់សមត្ថភាព និងត្រូវបំពាក់បំប៉នទាំងស្មារតី និងសតិអារម្មណ៍ ក្នុងការចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព ក្នុងការថែរក្សាសន្តិសុខជាតិ សន្តិសុខផ្ទៃក្នុង ដែលជាបុព្វបទដ៏សំខាន់ សម្រាប់បម្រើឲ្យការអភិវឌ្ឍលើគ្រប់វិស័យ និងការចូលរួមបង្ការទប់ស្កាត់ មិនឲ្យមានអំពើភេរវកម្ម ការពារសុវត្ថិភាពថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ខេត្ត និងបន្តខិតខំបង្រ្កាបឱ្យបានម៉ឺងម៉ាត់ នូវបទល្មើសគ្រប់ប្រភេទ ពិសេស បទល្មើសដែលបង្កអសន្តិសុខ និងសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន និងសង្គមជាតិ។
អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ដោយផ្តល់អនុសាសន៍ គន្លឹះសំខាន់ៗមួយចំនួន ដល់អង្គភាពនគរបាលខេត្ត ដើម្បីធានាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម បង្កលក្ខណៈអំណោយផល ដល់ការអភិវឌ្ឍលើគ្រប់វិស័យ បន្តចូលរួមអនុវត្តឲ្យសម្រេចបាន នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និតិកាលទី៦ នៃរដ្ឋសភាជាតិ។ លោកថា កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវប្រកាន់ជំហរយ៉ាងប្ដូរផ្ដាច់ និងប្ដេជ្ញាផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងរបស់ខ្លួន កុំឲ្យចូលរួមធ្វើបាតុកម្មតាមការញុះញ៉ង់របស់ពួកអមិត្រ ទាំងក្នុង និងក្រៅប្រទេស តាមគ្រប់រូបភាព ពិសេស ត្រូវប្ដេជ្ញាប្រើប្រាស់កម្លាំងគ្រប់រូបភាព ដើម្បីទប់ស្កាត់ និងអន្តរាគមន៍នៅហេតុការណ៍ផ្សេងៗ ដែលបានកើតឡើងជាយថាហេតុ ទោះបីជាស្ថានការណ៍បែបណាក៏ដោយ កងកម្លាំងទាំងមូលត្រូវហ៊ានធ្វើពលីកម្ម ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ជាតិ មាតុភូមិ និងប្រជាជន ឲ្យមានសណ្តាប់ធ្នាប់ល្អ ត្រូវប្ដេជ្ញាគោរព និងអនុវត្តបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងគោលការណ៍លិខិតបទដ្ឋានគតិយុត្តនានា ប្រកបដោយជោគជ័យ។
លោកអភិបាលខេត្ត គីម រិទ្ធី បានជុះរុញដល់ស្នងការនគរបាលខេត្ត នៅពេលចុះបំពេញបេសសកម្ម ចុះបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ត្រូវស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ត្រូវគោរពគោលការណ៍ ២យ៉ាងដ៏សំខាន់ គឺ ១.ត្រូវឈរលើភាពយុត្តិធម៌ គុណធម៌ និង ២.ត្រូវឈរលើគោលការបត្យាប័ន យុត្តិធម៌ ដោយគ្មានការរើសអើង ចំពោះអ្នកមាន ឬ អ្នកក្រ អ្នកមានបុណ្យស័ក្តិ ឬ អ្នកគ្មានបុណ្យស័ក្តិ អ្នកតូច អ្នកធំ ពណ៌សំបុរ ឬ និន្នាការនយោបាយអ្វីនោះឡើយ គឺ ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងយុត្តិធម៌ ដោយផ្អែកលើមូលដ្ឋាន នៃច្បាប់។
លោកអភិបាលខេត្តព្រះវិហារ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ក៏ដូច ប្រជាសហគមន៍ នៅក្នុងខេត្តព្រះវិហារទាំងអស់ គួរផ្លាស់ប្តូរទម្លាប់ការរស់នៅ និងការប្រកបមុខរបរ ពីការកាប់ឈើ និងធនធានធម្មជាតិ ងាកមកប្រកបរបចិញ្ចឹមសត្វគោ ក្របី ជ្រូក មាន់ ទា សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះជារបរស្របច្បាប់។
ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានរាយការណ៍ អំពី សភាពការណ៍សន្តិសុខ បទល្មើសព្រហ្មទណ្ឌ និងលទ្ធផលដែលបង្ក្រាបបាន ការប្រឆាំង និងការចុះបង្ក្រាបបទល្មើសគ្រឿងញៀន ការរក្សាសណ្តាប់ធ្នាប់ និងការធ្វើប្រតិបត្តិការ ស្ថិតិ និងអត្តសញ្ញាណប័ណ្ណ (ស្ថិតិប្រជាពលរដ្ឋ ការផ្តល់សៀវភៅ ក៤ ជូនប្រជាពលរដ្ឋ ៦៩២គ្រួសារ និងផ្តល់ទុតិយការ ៨២៩គ្រួសារ) ការចុះពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តកិច្ចការនគរបាល និងសហគមន៍ ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ការកសាងកម្លាំងនគរបាល ការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងការតម្លើងឋានរន្តរស័ក្តិ ជាដើម។
ស្របពេលជាមួយគ្នានោះ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកា ដល់ស្នងការដ្ឋាននគរបាលខេត្ត ១០លានរៀល ភេសជ្ជៈ ១០០កេស និងកងកម្លាំងនគរបាល ២៥០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៤ម៉ឺនរៀល ផងដែរ ៕ដោយ៖ឡុង សំបូរ