ភ្លៀងបានស្រោចស្រពនៅតំបន់ព្រំដែន បង្កជាទឹកជំនន់ជោរជនលិចផ្លូវ និងផ្ទះសម្បែងប្រជាពលរដ្ឋ កម្លាំងកងពលតូចអន្តរាគមន៍លេខ៧ ជិត៩០នាក់ ចុះអន្តរាគមន៍ជួយសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនសម្ភារៈ ចេញពីជំនន់ទឹកភ្លៀង

0

ខេត្តព្រះវិហារ៖ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា នាច្រើនថ្ងៃកន្លងមកនេះ ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងផ្ទៃដីបង្កបង្កើនផលមួយចំនួនរបស់ប្រជាពលរដ្ឋ បានរងការជន់លិច និងនៅថ្ងៃទី២១សីហានេះ កម្លាំងកងពលតូចអន្តរាគមន៍លេខ៧ ដែលមានលោកឧត្តមសេនីយ៍ទោ ដួង សំនៀង ជាមេបញ្ជាការ បានចាត់កម្លាំង ៨៦នាក់ ចុះអន្តរាគមន៍ជួយដឹកជញ្ជូនសម្ភារៈ និងជួយសម្រួលដល់ការធ្វើដំណើរ ចាកចេញពីជំនន់ទឹកភ្លៀង បានទាន់ពេលវេលា។

កម្លាំងយោធិនដែលស្ថិតនៅព្រំដែនទាំង ៨៦នាក់នោះ បានដឹកនាំបញ្ជាដោយ លោកវរសេនីយ៍ទោ កើត នឿន នាយសេនាធិការរង នៃកងពលតូចអន្តរាគមន៍លេខ៧ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ក្រោមកិច្ចសហការ រវាងអាជ្ញាធរនៅក្នុងមូលដ្ឋាន ដែលស្ថិតនៅក្នុងភូមិសែនជ័យ ,ភូមិបុស្សស្បូវ នៃភូមិសាស្រ្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីយោធានៅក្នុងការចុះអន្តរាគមន៍នោះ បាននិយាយថា ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា នាច្រើនថ្ងៃមកនេះ បណ្តាលឲ្យតំបន់វាលទំនាបមួយចំនួន នៅតាមបណ្តោយព្រំដែន បានរងការជន់លិចផ្លូវ ផ្ទះសម្បែង និងផលដំណាំមួយចំនួនរបស់ប្រជាពលរដ្ឋ។

ស្របពេលជាមួយភ្លៀងនៅតែបន្តធ្លាក់នេះ កម្លាំងអន្តរាគមន៍ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ បានត្រៀមលក្ខណ:រួចជាស្រេច រួមទាំងមធ្យោបាយ និងសម្ភារៈ ក្នុងការចុះជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ២៤ម៉ោង លើ២៤ម៉ោង ដើម្បីឆ្លើយតមនឹងសំណូមពររបស់ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅតំបន់ព្រំដែន ដ៏ដាច់ស្រយាលមួយនេះ៕ដោយ៖ឡុង សំបូរ