កម្លាំងអង្គភាពកងពលតូចថ្មើជើងលេខ៤១ បានចុះអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋ ចេញពីជំនន់ទឹកភ្លៀង ដែលហូរចាក់ពីជួរភ្នំដងរ៉ែក ក្នុងខេត្តឧត្តរមានជ័យ

0

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន នៅជាប់នឹងតំបន់ជួរភ្នំដងរ៉ែក បាននិងកំពុងរងនូវជំនន់ទឹកភ្លៀង ដែលហូរចាក់ពីជួរភ្នំដងរ៉ែក ត្រូវបានកម្លាំងកងវរៈសេនាតូចលេខ៤១៤ នៃកងពលតូចថ្មើរជើងលេខ៤១ ចំណុះយោធភូមិភាគទី៤ ដែលដឹកនាំដោយលោក វរៈសេនីយ៍ត្រី ស្មុត ម៉ាច មេញ្ជាការរងវរៈ ក្រោមបញ្ជាពី លោកវរៈសេនីយ៍ទោ រឹម គុយ មេបញ្ជាការវរៈសេនាតូចលេខ៤១៤ សហការជាមួយ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរនៅក្នុងមូលដ្ឋាន ចុះធ្វើអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋ សត្វពាហនៈ និងនាំយកទ្រព្យសម្បត្តិ ចាកចេញពីជំនន់ទឹកភ្លៀង ទៅកាន់ទីទួលសុវត្ថិភាព។

កិច្ចអន្តរាគមន៍រួមគ្នា រវាងកម្លាំងកងទ័ពនៃតំបន់ព្រំដែន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រឡាយ ប្រជាការពារ និងអាជ្ញាធរមូលដ្ឋាននោះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រពាំងបី ​ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋ ២គ្រួសារ ក្នុងចំណោមច្រើនគ្រួសារទៀត ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព គ្រាដែលជំនន់ទឹកភ្លៀងបានហូរចាក់ពីជួរភ្នំដងរ៉ែក គ្របដណ្តប់ និងជោរជន់លើភូមិករ និងផ្ទះសម្បែង ខណៈភ្លៀងបានបន្តធ្លាក់នាច្រើនថ្ងៃកន្លងមកនេះ។

ក្រៅពីការជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ ជំនន់ទឹកភ្លៀងក៏នៅបានហូរកាត់ និងជន់លិចប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បង្កជាឧបសគ្គមិនអាចឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទីនោះបានឡើយ។

សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា ខណៈនេះទឹកជំនន់បានបង្កការខូចខាត និងជន់លិចស្រូវ ១៩ការ៉ុង ជីដាក់ស្រូវ ៥០ការ៉ុង សត្វមាន់ និងទា ត្រូវបានទឹកហូរនាំទៅជាមួយ ៦០ក្បាល និងសម្ភារៈមួយចំនួនធំទៀត បានរងការជន់លិច។

ប៉ុន្តែ ក្រោយទទួលបានការចុះជួយសង្គ្រោះពី កម្លាំងកងទ័ព នគរបាល ប្រជាការពារ និងអាជ្ញាធរនៅក្នុងមូលដ្ឋាននោះមក ស្រូវ និងអង្ករ ១៩បេ ជី ៥០បេ សត្វជ្រូក ១០ក្បាល មាន់ ទា ៤០ក្បាល គោយន្ត ១គ្រឿង ម៉ូតូ ១គ្រឿង កង់១គ្រឿង  ម៉ាស៊ីនភ្លើង ១គ្រឿង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំទៀត ត្រូវបានជួយសង្គ្រោះ និងការនាំចេញពីគ្រោះទឹកជំនន់ នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនថៃ ៕ដោយ៖ s/b ចាន់ ធី