ខេត្តព្រះវិហារ៖ អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកដល់អាជ្ញាធរខេត្តព្រះវិហារ ឱ្យបង្កើនការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាព និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀង ខណៈដែលប្រជាពលរដ្ឋប្រមាណជាង ៥០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព នៅរសៀលថ្ងៃនេះ។
ប្រសាសន៍ក្រើនរំលឹករបស់ លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងគ្រាដែលោក បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ១គ្រឿង ដើម្បីចុះពិនិត្យដោយផ្ទាល់ នូវស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចនៅតាមស្រុកមួយចំនួន ក្នុងខេត្តព្រះវិហារ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
នៅក្នុងបេសកកម្មនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានពិនិត្យឃើញថា ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ បានបណ្តាលឲ្យមានការលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋជាង ១១គ្រួសារ ស្មើនឹងចំនួនមនុស្សជាង ៥០នាក់ ដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតផងដែរ។
ប្រជាពលរដ្ឋទាំងជាង ៥០នាក់ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនោះ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ធ្វើការជម្លៀសទៅកាន់ទីទួលមានសុត្ថិភាព បានទាន់ពេលវេលា គ្រាដែលទឹកជំនន់បានស្រកចុះបន្តិចនាថ្ងៃនេះ បើធៀបនឹងថ្ងៃទី២១សីហា ម្សិលមិញ។
នៅក្នុងការអមដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនោះ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងថា ភ្លៀងបានធ្លាក់នៅគ្រប់ក្រុង-ស្រុក នៅទូទាំងខេត្ត ហើយបើគិតត្រឹមរសៀលថ្ងៃទី២២សីហានេះ ល្បាយទឹកភ្លៀងមានកម្រិតពី ៤មីលីម៉ែត្រ ទៅ៤៥មីលីម៉ែត្រ ក្នុងនោះអាងទឹករក្សាមានកម្ពស់ ៤៣.៦០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ ទឹកស្រុកចុះ០.១០ម៉ែត្រ ។ ដោយឡែកកម្ពស់ទឹកស្ទឹងសែន នៅទីរួមខេត្តព្រះវិហារ មានកម្ពស់ ១០.៩០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ ទឹកស្រុកចុះ ០.០២ម៉ែត្រ ខណៈកម្រិតទឹកដែលត្រូវប្រកាសអាសន្ន មានកម្ពស់ ១១.៥០ម៉ែត្រ ។
លោក គីម រិទ្ធី បានបន្តថា ជំនន់ទឹកភ្លៀងបានស្រកនៅឃុំស្រអែម តែបានទៅជោជន់លិចនៅឃុំកន្ទួត ស្រុកជាំក្សាន្ត បណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ នៅភូមិស្រអែមខាងត្បូង ហៅភូមិប្រាសាទ១០។ រីឯប្រជាពលរដ្ឋ ដែលនៅជុំវិញទីទួលសុវត្ថិភាព ដែលមានកម្ពស់ ៣ម៉ែត្រពីទឹក ចំនួន ៦៩គ្រួសារ ស្មើនឹងចំនួនមនុស្ស ២៩៦នាក់ ក្នុងនោះត្រូវបានជម្លៀស ១១គ្រួសារ ស្មើនឹង៥២នាក់ មកស្នាក់នៅក្នុងវត្តស្រអែម។ ចំណែក ក្រុង-ស្រុក ៧ទៀត ពុំទាន់មានផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅឡើយទេ ប៉ុន្តែ កម្លាំងអន្តរាគមន៍បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តរៀងខ្លួនៗ ។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រីគន់ គីម បានមានប្រសាសន៍ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងបានគិតគូ និងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ពិសេស លោកទេសរដ្ឋមន្ត្រីផ្ទាល់ ត្រូវតែមានវត្តមាននៅកន្លែងរងគ្រោះ និងត្រៀមដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ឲ្យបានទាន់ពេលវេលា ។
លោកទេសរដ្ឋមន្ត្រីគន់ គីម បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះអកុសលនានាក្នុងគ្រាទឹកជំនន់នេះ និងលោកបានក្រើនរំលឹកដល់អាជ្ញាធរ ឱ្យបង្កើនការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាព និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀងនេះ និងបានណែនាំដល់អាជ្ញាធរ ឱ្យស្រង់ទិន្នន័យផលដំណាំ សន្ទូង ស្រូវ របស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ហើយក៏ត្រូវត្រៀមលក្ខណៈក្នុងការបង្កបង្កើនផលឡើងវិញ ផងដែរ ៕ដោយ៖ឡុង សំបូរ