ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ដាស់តឿនរបស់ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុត សំអន បានធ្វើឡើងក្នុងពេលលោករដ្ឋលេខាធិការ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ៦រូប នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តស្ទឹងត្រែង ។
នៅក្នុងពិធីនោះទៀត ក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ ,អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ,ប្រធានអង្គភាពកងកម្លាំងទាំង៣ ,អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមន្ត្រីខេត្ត ក្រុង ស្រុក ជាង ២០០នាក់។
អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលត្រូវប្រកាសចូលកាន់មុខតំណែង នាពេលនោះ មានចំនួន ៦រូប គឺ ១.លោក ចៅ មុន្នីរ៉ា ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីនាយករដ្ឋបាលខេត្ត ទៅជាអភិបាលរងខេត្តស្ទឹងត្រែង ,២.លោក ថោង ស្រាន់ ឋានន្តរស័ក្តិវរៈមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលស្រុកសៀមបូក ទៅជាអភិបាលរងខេត្តស្ទឹងត្រែង ,៣.លោក ធូ ចាន់ពៅ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងមុខងារសាធារណៈ ជាអភិបាលរងខេត្តស្ទឹងត្រែង ,៤-លោក គិត ទី្រ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរងខេត្តរតនគិរី ទៅជាអភិបាលរងខេត្តស្ទឹងត្រែង ,៥.លោក យីម ដន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខេត្តរតនគិរី ទៅជាអភិបាលរងខេត្តស្ទឹងត្រែង និង ៦-លោក ប៉ែន លីណា ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខេត្តក្រចេះ ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុត សំអន បានមានប្រសាសន៍ ដាស់តឿនដល់អភិបានរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលទើបត្រូវបានផ្ទេរភារកិច្ច និងការតែងតាំងមុខតំណែងថ្មីទាំងអស់ ត្រូវចេះរួមសាមគ្គីគ្នា និងធ្វើការងាររួមគ្នា បន្ទាប់ពី រាជរដ្ឋាភិបាល បានផ្តល់ទំនុកចិត្ត និងប្រគល់ភារកិច្ចសម្រាប់ការអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជននៅក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវមានការថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយ ឲ្យកាន់ល្អប្រសើរជាងនេះ ថែមទៀត៕ ដោយ៖ឡុង សំបូរ