ខេត្តព្រះវិហារ៖ យោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ១៥រូប ដែលមានស្នាដៃក្នុងការស្ថាបនាជាតិ និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទួលបានការលើកទឹកចិត្ត និងតម្លើងឋានន្តរស័ក្តិ ពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថថ្នាក់ជាតិ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ។
យោងតាមសេចក្តីសម្រេច យោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលត្រូវបំពាក់ឋានន្តរស័ក្តិនៅពេលនេះ មានចំនួន ១៥នាក់ ក្នុងនោះ ថ្នាក់វរៈសេនីយ៍ទោ ៤នាក់ និងថ្នាក់វរៈសេនីយ៍ត្រី ១១នាក់ ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែង កោតសរសើរ ដល់យោធិន នៃកងរាជអាវុធហត្ថខេត្ត គ្រប់ផ្នែក និងគ្រប់ជំនាញទាំងអស់ ដែលបានលះបង់អស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីស្ថាបនាជាតិ ការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍអង្គភាពនៅក្នុងមូលដ្ឋាន នាពេលកន្លងមក បានយ៉ាងល្អប្រសើរ។
ទន្ទឹមនេះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែង ដាស់តឿនដល់នាយអាវុធហត្ថ នាយរង និងពលអាវុធហត្ថទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគោរពវិន័យ អង្គភាព ស្តាប់តាមបទបញ្ជាថ្នាក់លើ និងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ត្រូវបន្តរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសធនធានធម្មជាតិ ព្រៃឈើ បទល្មើសព្រហ្មទណ្ឌ និងល្បែងស៊ីសងខុសច្បាប់ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានជំរុញ ដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ជាពិសេស យោធិន នៃកងរាជអាវុធហត្ថ ដែលទើបទទួលបានការបំពាក់ឋានន្តរៈស័ក្កិនៅពេលនេះ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងបង្រ្កាបបទល្មើសនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដូចជា បទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ៕ ដោយ៖ឡុង សំបូរ