មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានផ្តាំផ្ញើ អភិបាលរងខេត្តរតនគិរីថ្មី ដែលទើបត្រូវបានប្រកាសចូលកាន់មុខតំណែង ត្រូវយកចិត្តទុកដាក់អនុវត្តន៍តួនាទី ភារ:កិច្ចរបស់ខ្លួន ប្រកបដោយមនសិការ វិជ្ជាជីវ: និងការទទួលខុសត្រូវខ្ពស់

0

ខេត្តរតនគិរី៖ ប្រសាសន៍ផ្តាំផ្ញើរបស់ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ងី ច័ន្ទ្រផល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានធ្វើឡើងក្នុងពិធី ប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខេត្តរតនគិរី ។

យោងតាមសេចក្តីសម្រេច អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរីថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនាពេលនោះ មានចំនួន ៦រូប ក្នុងនោះ តែងតាំងថ្មី ៤រូប និងផ្ទេរភារកិច្ច ២រូប គឺ ១-លោក ងិន ណែល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត ,២-លោក ខ័ណ្ឌ ចំណាន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត ,៣-លោក ម៉ា វិចិត្រ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ជាអភិបាលរងខេត្ត និង ៤-លោក វ៉ាន់ សោភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងមុខងារសាធារណៈ ជាអភិបាលរងខេត្តរតនគិរី។

ដោយឡែក អភិបាលរងខេត្ត ២រូបទៀត ដែលត្រូវផ្ទេរភារកិច្ច ចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរីថ្មី គឺ ១-លោក ជា ថាវរិទ្ធ អតីតអភិបាលរងខេត្តស្ទឹងត្រែង មកជា អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី និង ២-លោក ស៊ូ សិរី អតីតអភិបាលរងខេត្តព្រះវិហារ មកជា អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ។

អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានថ្លែងថា តាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្តែងនូវការស្វាគមន៍ ចំពោះការចូលកាន់មុខតំណែងជា អភិបាលរង នៃគណ:អភិបាលខេត្តរតនគិរី ទាំង ៦រូបនាពេលនេះ ហើយលោកសង្ឃឹមថា លោកអភិបាលរងខេត្ត នឹងយកចិត្តទុកដាក់អនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ជាពិសេស ត្រូវសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយមនសិការ វិជ្ជាជីវ: មានការទទួលខុសត្រូវខ្ពស់ និងប្រកាន់ភ្ជាប់ នូវអភិក្រមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ឲ្យបានខ្ជាប់ខ្ជួន ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ងី ច័ន្ទ្រផល​ បានថ្លែង ដោយសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឲ្យសម្រេចបានសមិទ្ធផលល្អ ក្នុងការធានាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្រមតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយបាន នូវភាពក្រីក្រ។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ បានមានប្រសាសន៍ថា អ្វីដែលក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សម្រេចបានយ៉ាងល្អប្រសើរនោះ គឺ ការថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ទី៥ កន្លងមក ដែលមជ្ឈដ្ឋានជាតិ អន្តរជាតិ វាយតម្លៃថា ជាការបោះឆ្នោតប្រកបដោយលក្ខណះសេរី ត្រឹមត្រូវ យុត្តិធម៌ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមច្បាប់។

លោករដ្ឋលេខាធិការ បានថ្លែង ចាត់ទុកសមិទ្ធផល និងស្នាដៃ ដែលខេត្តសម្រេចបាននាកន្លងមកនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ងី ច័ន្ទ្រផល បានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធ ភាពការងារដឹកនាំ និងគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល បានរៀបចំច្បាប់ ស្តីពីវិសោធន៍កម្មច្បាប់មាត្រ ១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ក្នុងគោលបំណង កែសម្រួលចំនួន គណៈអភិបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សក្នុងជួរ គណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្របតាមស្ថានភាព នៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្រ្ត នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធានារាប់រងអនុវត្តមុខងារ និងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ជាតិ តំណាង រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ដូចជា ការងារសន្តិសុខ របៀបរៀបរយសាធារណ: ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅថ្នាក់មូលដ្ឋាន៕ ដោយ៖ឡុង សំបូរ