ខេត្តព្រះវិហារ៖ បេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត លោកបណ្ឌិត ហ៊ុន ម៉ាណែត រួមទាំងភរិយា បានផ្តល់សាលារៀនមួយខ្នង មានទំហំ ៩ម៉ែត្រ គុណនឹង ៤៨ម៉ែត្រ ដែលនឹងត្រូវសាងសង់ឡើង ក្នុងតម្លៃទឹកប្រាស់ច្រើនម៉ឺនដុល្លារ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតីភាព លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ។
ពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀនមួយខ្នង ដែលជាអំណោយរបស់ បណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា ដែលបានធ្វើឡើងកាលពីថ្ងៃទី១០កញ្ញា២០២២ នោះ ក៏មានការអញ្ជើញចូលរួមពី សំណាក់ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ,លោក គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្ត កងកម្លាំងទាំង៣ ប្រធានមន្ទីរជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប ផងដែរ ដែលពិធីនេះ បានប្រព្រឹត្តទៅនៅក្នុង ភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងថា ថ្ងៃនេះពិតជាមានក្ដីរំភើបយ៉ាងក្រៃលែង ចំពោះវត្តមានពុកម៉ែបងប្អូន លោកតា លោកយាយ និង ក្មួយៗ សិស្សានុសិស្ស យ៉ាងច្រើនកុះករ ក្នុងពិធីបញ្ជុះបឋម សិលាសាងសង់សាលារៀននាថ្ងៃនេះ។
លោកអភិបាលខេត្ត បានថ្លែង រកការជំរុញ ដល់លោកនាយកសាលា លោកគ្រូ អ្នកគ្រូទាំងអស់ ឲ្យបន្តពង្រឹងវិន័យ រក្សារបៀបរៀបរយ និងសណ្ដាប់ធ្នាប់សាលា ឲ្យកាន់តែល្អប្រសើរថែមទៀត ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ៣កុំ និង៣ការពារ សំដៅកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ នៅក្នុងសាលា និងនៅក្នុងមូលដ្ឋានរស់នៅ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងផ្ដាំផ្ញើ ដល់សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ព្យាយាមសិក្សា រៀនសូត្រ និងស្ដាប់ដំបូន្មានគ្រូ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងជាមនុស្សល្អនៅក្នុងសង្គម ប្រែក្លាយជាទំពាំងស្នងឫស្សី ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែមានភាពរីចកម្រើន ថែមទៀត ។
ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែង ពាំនាំប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ នាពេលនោះផងដែរ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ទៀតថា ការបញ្ជុះបឋមសិលាសាងសង់សាលារៀន ក្នុងទំហំ ៩ម៉ែត្រ គុណនឹង ៤៨ ម៉ែត្រ មានចំនួន ៦បន្ទប់ នាថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលការឧបត្ថម្ភនេះ សបញ្ជាក់ឲ្យឃើញថា គឺជាកាយវិកាប្រកបដោយគុណធម៌ មនុស្សធម៌ ក្នុងភាពជាដឹកនាំដ៏ប្រពៃ ស្របពេលដែល ប្រទេសជាតិ កំពុងមានសុខសន្តិភាព មានការរីកចម្រើនគ្រប់វិស័យ និងមានការអភិវឌ្ឍឈានឡើងជាលំដាប់ ។
នៅក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា និងថ្នាក់ដឹកនាំខេត្តព្រះវិហារ បានឧបត្ថម្ភដល់ លោកគ្រូ អ្នកគ្រូ ២៨នាក់ ក្នុងម្នាក់ៗ នូវថវិកា ៤ម៉ឺនរៀល សិស្សានុសិស្ស ៥៧០នាក់ ម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច២ដើម ថវិកា ៥ពាន់រៀល និងប្រជាពលរដ្ឋ ២០០នាក់ ម្នាក់ៗទទួលបានក្រមា១ ថវិកា ២ម៉ឺនរៀល និងតាជីយាយជី ២០នាក់ ម្នាក់ៗទទួលបានក្រណាត់ស ១ដុំ និងថវិកា ២ម៉ឺនរៀលផងដែរ ៕ ដោយ៖ឡុង សំបូរ