មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយដល់អតីតយុទ្ធជនជិត ៤០គ្រួសារ នៅក្នុងឱកាសថ្ងៃកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅក្នុងខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងភរិយា បានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់អតីតយុទ្ធជនជិត ៤០គ្រួសារ តាមរយៈបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅក្នុងឱកាសថ្ងៃកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលបាន និងកំពុងប្រព្រឹត្តទៅ តាមគន្លងនៃព្រះពុទ្ធសាសនា ដ៏ល្អផូរផង់របស់ខ្មែរ ។

មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារសមាគមខេត្ត ក្រុង ស្រុក និងមន្ត្រីមូលដ្ឋាន នាំយកគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួន ដែលជាអំណោយរបស់ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងភរិយា ទៅប្រគល់ជូនអតីតយុទ្ធជន ដែលជាជនពិការ និងមានជីវភាពខ្វះខាត ចំនួន ៣៨គ្រួសារ នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ ។

អំណោយដែលត្រូវប្រគល់ជូន អតីតយុទ្ធជនទាំង ៣៨គ្រួសារ នៅពេលនោះ ក្នុង១គ្រួសារ ទទួលបានអង្ករ ៣០គីឡូក្រាម ,មីជាតិ ១កេស ,ត្រីខកំប៉ុង ១យួរ និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ ។

មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា​ បានថ្លែង ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ,មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងគិតគូ យកចិត្តទុកដាក់ខ្ពស់បំផុតពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស ជាពិសេស អតីតយុទ្ធជនកម្ពុជា នៅក្នុងខេត្តព្រះវិហារ ។

លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែងទៀតថា ការផ្តល់អំណោយជូនដល់អតីតយុទ្ធជននាពេលនេះ គឺស្របពេលដែលថ្ងៃកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ បាននិងកំពុងប្រព្រឹត្តទៅតាមគន្លងព្រះពុទ្ធសាសនាយ៉ាងគាប់ប្រសើរ ដែលបុណ្យនេះ គឺជាបុណ្យប្រពៃណីដ៏ធំរបស់ប្រជាពលរដ្ឋខ្មែរ តាំងពីបុរាណកាលមក និងការចែកអំណោយនៅក្នុងថ្ងៃនេះ ក៏ដើម្បីជួយសម្រួលដល់ការហូបចុក ដល់អតីតយុទ្ធជន ដែលកំពុងមានជីវភាពខ្វះខាត ពិសេស សម្រាប់បងប្អូនយកទៅចាត់ចែងធ្វើជាចង្ហាន់ នាំយកទៅប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន និងញាតិក្កាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ។

លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែង ចាត់ទុកការលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិ មាតុភូមិ នាពេលកន្លងមករបស់ អតីតយុទ្ធជនទាំងអស់ រហូតដល់ពិការដៃជើង និងពិការភ្នែកមកដល់សព្វថ្ងៃនេះ គឺជាគុណបំណាច់មួយយ៉ាងធំ ដែលមិនអាចកាត់ថ្លៃបាននោះឡើយ ៕ ដោយ៖ឡុង សំបូរ