ខេត្តព្រះវិហារ៖ ការប្តេជ្ញាចិត្តរបស់ អាជ្ញាធរខេត្តព្រះវិហារ បានធ្វើឡើង នៅក្នុងឱកាសប្រារព្ធទិវាពិភពលោកស្អាត ដើម្បីបញ្ជ្រាបការយល់ដឹង អំពីអនាម័យ និងសម្អាតបរិស្ថាន និងដើម្បីផ្សព្វផ្សាយអំពីការចូលរួម “យុទ្ធនាការកម្ពុជា ស្អាត” ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ។
ពិធីដែលបានឡើង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នេះ បានរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារ ដែលដឹកនាំដោយ លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី រដ្ឋបាលក្រុងព្រះវិហារ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីវករផ្សារកំពង់ប្រណាក និងប្រជាពលរដ្ឋ ផងដែរ បានរួមគ្នាធ្វើអនាម័យដើររើស និងបោសសម្រាម នៅតាមដងផ្លូវក្នុងទីប្រជុំជនក្រុងព្រះវិហារ ។
អភិបាលរងខេត្តព្រះវិហារ លោក វ៉ាត ប៉ារ៉ានីន បានថ្លែងថា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាមាសបៃតង និងដើរតួនាទីយ៉ាងសំខាន់ រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈនៃការផ្ដល់ឱកាសការងារធ្វើដោយប្រយោល និងដោយផ្ទាល់។ លោកថា ការប្រារព្ធពិធីនៅពេលនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងការស្ដារឡើងវិញនូវវិស័យទេសចរណ៍ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ លើសពីនេះសកម្មភាពយើងទាំងអស់គ្នា បានចូលរួមធ្វើឱ្យពិភពលោកស្អាត កម្ពុជាស្អាត ខេត្តស្អាត និងបៃតងសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។
អភិបាលរងខេត្តព្រះវិហារ លោក វ៉ាត ប៉ារ៉ានីន បានបញ្ជាក់ថា ពាក្យគន្លឹះសម្រាប់ប្រធានបទនាពេលនេះគឺ “ស្អាត” ដែលជាអភិក្រមថ្មី នៅក្នុងការជម្រុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្ត មានន័យថា “ស្អាត” គឺស្អាត ដោយមានទេសភាពស្រស់ត្រកាល ស្អាតដោយភាពប្រណិត ស្អាតដោយមានបរិស្ថានល្អប្រសើរ ស្អាតដោយមានអនាម័យ ស្អាតដោយមានសុវត្ថិភាព ស្អាតដោយមានគុណភាព និងស្អាតដោយ មានឱជារសឆ្ងាញ់ពិសារ។
លោកអភិបាលរងខេត្តព្រះវិហារ បានជំរុញដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវបន្ដរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ អំពី ការគ្រប់គ្រង ការទុកដាក់ និងការវេចខ្ចប់កាកសំណល់ឱ្យបានត្រឹមត្រូវ សម្អាតអនាម័យបរិស្ថាន ឱ្យបានស្អាតជាប្រចាំ ដោយធានាឱ្យបាននូវភាពស្អាត និងបៃតង សំដៅចូលរួមលើកកម្ពស់ ចលនាទេសចរណ៍ក្នុងស្រុក ដោយផ្សារភ្ជាប់ជាមួយស្មារតីស្រលាញ់ជាតិ ស្របតាមទិសស្លោក “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី” ៕ ដោយ៖ឡុង សំបូរ