ខេត្តព្រះវិហារ៖ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅតែបន្តឧបត្ថម្ភអំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកា ដល់អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ ៣៥គ្រួសារ ដែលការផ្តល់ជូននោះ បានធ្វើឡើងតាមរយៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា អំណោយដែលបាននាំយកផ្តល់ជូន បងប្អូនអតីតយុទ្ធជនទាំង ៣៥គ្រួសារ ដែលមានជីវភាពក្រីក្រនៅពេលនេះ គឺជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ រួមទាំងភរិយា នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ យើងនេះ ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូន អតីតយុទ្ធជនក្រីក្រទាំង ៣៥គ្រួសារ នៅពេលនេះ ក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ៣០គីឡូក្រាម ,មីជាតិ ១កេស ,ត្រីខកំប៉ុង ១យួរ និងថវិកាចំនួន ២ ម៉ឺនរៀល ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ទៀតថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា នៅតែមានចិត្តផ្ញើក្តីនឹករលឹក និងគិតគូដល់ជីវភាពរស់នៅរបស់ បងប្អូនអតីតយុទ្ធជនទាំងអស់ជានិច្ច ព្រោះថា អតីតយុទ្ធជន ធ្លាប់បានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី អធិតេយ្យភាពជាតិ និងប្រជាពលរដ្ឋ ឲ្យទទួលបានសុខសន្តិភាព រហូតមកដល់សព្វថ្ងៃនេះ ហើយគុណបំណាច់ដ៏ថ្លៃថ្លានេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នៅតែចងចាំ និងមិនអាចបំភ្លេចបានជាដាច់ខាត ។
បន្ទាប់មក លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានបន្តដឹកនាំក្រុមការងារចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤លានរៀល ជូនដល់ក្រុមគ្រួសារសព ដែលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឈ្មោះ ហ៊ិន ស៊ឹម ភេទប្រុស អាយុ៦២ឆ្នាំ មុខសញ្ញាជនពិការ ដែលបានទទួលមរណៈភាព នៅភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីពេលកន្លងទៅនេះ ៕ ដោយ៖ឡុង សំបូរ