សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ប្រកាសទទួលស្គាល់ និងបំពាក់កន្សែងដល់យុវជនស្ម័គ្រចិត្តជិត ៦០នាក់ ដើម្បីអបអរទិវាពិភពលោកសង្គ្រោះបឋម ក្រោមប្រធានបទ”រៀនវិជ្ជាសង្គ្រោះបឋមពេញមួយជីវិត “

0

ខេត្តស្ទឹងត្រែង៖ ការប្រកាសទទួលស្គាល់ និងបំពាក់កន្សែង ដល់យុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដែលមានចំនួន ៥៨នាក់ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានធ្វើឡើងដើម្បីអបអរសាទរទិវាពិភពលោកសង្គ្រោះបឋម ក្រោមប្រធានបទ ”រៀនវិជ្ជាសង្គ្រោះបឋមពេញមួយជីវិត ” ដែលពិធីនេះ បានធ្វើឡើងក្រោមវត្តមាន លោក ស្វាយ សំអ៊ាង  ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងជាអភិបាលខេត្ត ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្ត ជាច្រើនរូបទៀត ផងដែរ។

ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានថ្លែងថា កាកបាទក្រហមកម្ពុជា ជាសមាគមជាតិតែមួយគត់នៅក្នុងប្រទេស ជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌។ លោកថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និងសហគមន៍, យុវជនធ្វើជាគំរូល្អក្នុងការធ្វើការងារជាក្រុម ចេះសាមគ្គីភាព និងឯកភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ ។

លោក ស្វាយ សំអ៊ាង បានថ្លែងទៀតថា ជារៀងរាល់ឆ្នាំ ខេត្តស្ទឹងត្រែង តែងតែមានគ្រោះមហន្តរាយកើតមានឡើង រីឯសាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែធ្វើសកម្មភាពចុះចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ នៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់និន្នាការនយោបាយ ព៌ណសម្បុរ និងជាតិសាសន៍អ្វីនោះឡើយ ។

លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្វើឲ្យវិស័យមស្សធម៌នេះ បានជួយដល់ប្រជាពលរដ្ឋក្រីក្រ និងអ្នកជួបគ្រោះធម្មជាតិ បានគ្រប់ទីកន្លែង ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «យុវជនជាភ្នាក់ងារ នៃការផ្លាស់ប្តូរឥរិយាបទក្នុងសង្គម»។

ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង​ បានបញ្ជាក់ទៀតថា ប្អូនៗ ក្មួយៗយុវជនទាំងអស់ មានតួនាទី ភារកិច្ច ក្នុងការចូលរួមការងារសង្គម ក្នុងនាមតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ និងជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌ ត្រូវគោរពវិន័យសាលា និងខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សម្មភាពក្នុងស្រទាប់យុវវ័យ ដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ព្រមទាំងចូលរួម ក្នុងការផ្សព្វផ្សាពីគោលការណ៍គ្រឹះរបស់ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅក្នុងសាលា និងសហគមន៍ ក្នុងសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា សហគមន៍របស់ខ្លួន ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន ផងដែរ៕ ដោយ៖ឡុង សំបូរ