ខេត្តព្រះវិហារ៖ ការដាក់ចេញនូវបទបញ្ជារបស់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែង ក្នុងកិច្ចប្រជុំបូកសរុបការងារ៩ខែដើមឆ្នាំ និងផ្សព្វផ្សាយទិសដៅការងារយោធាត្រីមាសទី៤ ឆ្នាំ២០២២ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ។
នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មេបញ្ជាការ និងមេបញ្ជាការរង នៅតាមបណ្តាអង្គភាពចំណុះ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងអង្គភាពចំណុះ កងពលតូចអន្តរាគមន៍ទាំង៣ ត្រូវអនុវត្តន៍ និងគោរពឲ្យបានដាច់ខាត នូវអភិក្រមទាំង៥ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមបទបញ្ជាការ និងអនុសាសន៍របស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបន្តដាក់បទបញ្ជាដល់ នាយទាហានទាំងអស់ ត្រូវត្រួតពិនិត្យ ធ្វើតេស្តទឹកនោម ត្រូវតាមដានរកនាយទាហាន និងពលទាហានណា ដែលជួញដូរ ចែកចាយ និងសេពគ្រឿងញៀន បើសិនជារកឃើញ ត្រូវធ្វើការអប់រំ ឲ្យមានការកែប្រែ និងបើមិនអាចអប់រំកែប្រែបានទេ ត្រូវរៀបចំឯកសារ របាយការណ៍ បណ្តេញចេញពីក្របខ័ណ្ឌកងទ័ពជាកំហិត។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបន្តថា អង្គភាពចំណុះទាំងអស់ ត្រូវត្រួតពិនិត្យការងារបច្ចេកទេស សម្ភារៈ គ្រឿងបំពាក់ នៅតាមបណ្តា កងពលតូចអន្តរាគមន៍ចំណុះ និងតាមបណ្តាវរសេនាតូចអន្តរាគមន៍របស់ កងពលតូចអន្តរាគមន៍ចំណុះទាំង៣ ត្រូវដាស់តឿនក្រើនរំលឹក និងជម្រុញដល់នាយទាហាន ដែលទទួលភារកិច្ចដឹកនាំបញ្ជាធ្វើយ៉ាងណា ដឹកនាំបញ្ជាឲ្យបានល្អប្រសើរ ក្នុងភាពជាថ្នាក់ដឹកនាំ គ្រប់គ្រងកងកម្លាំង ជីវភាពរស់នៅរបស់កងទ័ពគ្រួសារទ័ពឲ្យបានល្អ និងគ្រប់គ្រង់អាវុធយុទ្ធភ័ណ្ឌ ឲ្យបានត្រឹមត្រូវ ត្រូវមានសណ្តាប់ធ្នាប់ល្អ និងបណ្តុះបណ្តាល ហ្វឹកហ្វឺនបច្ចេកទេស ជំនាញយុទ្ធវិធីប្រយុទ្ធផ្សេងៗ ដល់នាយទាហាន ពលទាហាន ឲ្យបានយល់ច្បាស់ ក្នុងវិស័យប្រតិបត្តិបត្តិការក្នុងជួរកងទ័ព និងជម្រុញការបង្ករបង្កើនផល ការកសាងជម្រកស្នាក់នៅ ក៏ដូចជាអគារនានាតាមទីបញ្ជាការបន្ថែម សំដៅពង្រឹងប្រៀបការពារជាតិបានរឹងមាំ ។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបន្តដាក់បទបញ្ជា ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលមានជំនាញផ្នែកការងារឃ្លាំងភស្តុភា ឃ្លាំងបច្ចេកទេស និងជំនាញភស្តុភា-បច្ចេកទេស នៅគ្រប់បណ្តាអង្គភាពទាំងអស់ ត្រូវខិតខំធ្វើការយកចិត្តទុកដាក់ថែរក្សា ជូត លាង នូវរាល់សម្ភារៈបច្ចេកទេស គ្រឿងចក្រនានា ឲ្យបានជាប្រចាំ ជាពិសេស ត្រូវថែរក្សា ដោះជូត លាងរាល់សម្ភារៈអាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ និងរៀបចំទុកនៅក្នុងឃ្លាំង ឲ្យមានសុវត្ថិភាពត្រឹមត្រូវ ទៅតាមស្តង់ដាបច្ចេកទេស នៃកងយោធពលខេមរភូមិន្ទ៕ ដោយ៖ឡុង សំបូរ