ភ្នំពេញ៖ យុវជនម្នាក់ត្រូវរងរបួសបែកក្បាលហូរឈាម សន្លប់ស្តុកស្តឹងនៅនឹងកន្លែងកើតហេតុ ដោយសាររូបគេ ជិះម៉ូតូហ្វីណូមួយគ្រឿងយ៉ាងលឿនដល់ចំណុចផ្លូវកែងត្រូវរថយន្តវីស្តុនបើកបរដោយនារីម្នាក់ជ្រុលល្បឿនបុកពេញទំហឹងកាលពីវេលាម៉ោង ២ នឹង ០០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតនៅ តាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវលេខ ១៨៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
យោងតាមប្រភពព័ត៌មានពីបុរសជាសន្តិសុខយាមនៅជិតចំណុចកើតហេតុបានឲ្យដឹងថា មុនពេលកើត ហេតុមានយុវជនម្នាក់ជិះម៉ូតូហ្វីណូ ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1AI 9099 ធ្វើដំណើរតាមបណ្តោយផ្លូវ លេខ ៥១ទិសដៅពីជើងទៅត្បូងយ៉ាងលឿន លុះដល់ចំណុចកែងផ្លូវលេខ ១៨៤ មិនបន្ថយល្បឿន ក៏ត្រូវនារី ម្នាក់កំពុងបើកបររថយន្តវីស្តុន ពណ៌លឿង ពាក់ស្លាកលេខ 2U 5377 តាមផ្លូវលេខ១៨៤ ទិសដៅពីលិចទៅកើត ជ្រុលបុកពេញទំហឹង ខ្ទាតម៉ូតូនឹងរថយន្តឃ្លាតពីគ្នាជាង ៥០ ម៉ែត្រ នឹងបណ្តាលឲ្យយុវជនម្ចាស់ម៉ូតូត្រូវរងរបួស ធ្ងន់ធ្ងរ ចំណែកម៉ូតូនឹងរថយន្តត្រូវរងការខូចខាតស្ទើទាំងស្រុង ។
ប្រភពដដែលបន្តថាក្រោយកើតហេតុម្ចាស់រថយន្តបានចុះមកលើកជនរងគ្រោះថ្នាក់លើរថយន្តរបស់ខ្លួន រួចដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។ហើយសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដែរប៉ុន្តែមិនឃើញភាគីរថយន្តបង្កហេតុ ដូច្នេះបានត្រឹមវាស់វែងអូសយកម៉ូតូហ្វីណូរបស់យុវជនរងគ្រោះទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញរង់ចាំភាគីទាំង ២ចូលមកដោះស្រាយតាមផ្លូវច្បាប់។