ខេត្តឧត្តរមានជ័យ៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពវរសេនាតូចលេខ១ និងវរសេនាតូចលេខ២ ចំណុះ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ប្រចាំទិសប្រាសាទតាក្របី ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ទទួលបានអំណោយពី រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ តាមរយៈប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ លោក ញឹម គួន ក្រោមការស្វាគមន៍ពី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ តន់ ញាន ,នាយទាហាន និងពលទាហាន នៃអង្គភាពវរសរនាតូចទាំង២ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នៅតំបន់ព្រំដែន ស្ថិតក្នុងភូមិសាស្ត្រ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ លោក ញឹម គួន បានថ្លែង ពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោករដ្ឋមន្ត្រី លឹម គានហោ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព បាននិងកំពុងឈរជើង នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ។ លោកថា អំណោយរបស់ លោករដ្ឋមន្ត្រី ដែលបាននាំយកមកផ្តល់ជូន អង្គភាពទាំង២ ប្រចាំទិសប្រាសាទតាក្របី នៅពេលនេះ រួមមាន៖ អង្ករ ៦តោន និងការ៉ូ ១៣០កេស ទុកដោះស្រាយការហូបចុក និងការប្រើប្រាស់នៅក្នុងអង្គភាព ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ តន់ ញាន បានថ្លែង ដោយសម្តែងនូវការអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ ដែលតែងតែយកចិត្តទុកដាក់ ទំនុកបម្រុងផ្តល់អំណោយ សម្ព័ន្ធមេត្រីភាព មកដល់កងកម្លាំងសមរភូមិមុខ និងនៅតាមខ្សែបន្ទាត់ព្រំដែន នៃខេត្តឧត្តរមានជ័យ សូមលោករដ្ឋមន្ត្រី និងលោកជំទាវ មានសេចក្តីសុខគ្រប់ប្រការកុំបីខានឡើយ ៕ អត្ថបទ៖ឡុង សំបូរ