ខេត្តឧត្តរមានជ័យ៖ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងដោយ គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៦តុលា ម្សិលមិញ មានគោលបំណងបញ្ជ្រាបការយល់ដឹង ស្ដីពីសារៈសំខាន់នៃការបោះឆ្នោត នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងគ្រឹះស្ថានសិក្សាឯកជន នៅក្នុងខេត្តឧត្តរមានជ័យ ។
វគ្គបណ្តុះបណ្តាលដែលបានធ្វើឡើងពេញមួយថ្ងៃនេះ បានធ្វើឡើងក្រោមអធិបតីភាព អគ្គលេខាធិការរង គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត លោក ម៉ុក ដារ៉ា , អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាល និងព័ត៌មានសាធារណៈ លោក ស៊ុម ប៊ុនហុង និងមានការចូលរួមពី អភិបាលរងខេត្តឧត្តរមានជ័យ លោកហួន វ៉ាន់និត ,ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តឧត្តរមានជ័យ លោកស្រី ត្រាន់ សួគ៌ា និងមន្ត្រី គជប ជាច្រើនរូប ផងដែរ ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តឧត្តរមានជ័យ លោកស្រី ត្រាន់ សួគ៌ា បានលើកឡើងថា ដើម្បីឲ្យសាធារជនបានយល់កាន់តែច្បាប់ និងមានការចូលរួមយ៉ាងសកម្ម ជាមួយការងារបោះឆ្នោត ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលគ.ជ.ប បានអនុវត្តប្រចាំឆ្នាំ ជារៀងរាល់ឆ្នាំនោះ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង បញ្ជ្រាបការយល់ដឹង ស្ដីពីសារៈសំខាន់នៃការបោះឆ្នោត នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងគ្រឹះស្ថានសិក្សាឯកជន នៅក្នុងខេត្តឧត្តរមានជ័យ ទាំងមូល ។
អគ្គលេខាធិការរង គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត លោក ម៉ុក ដារ៉ា បានថ្លែងថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានយកចិត្តទុកដាក់អនុវត្តការងារ ដោយបានកំណត់ច្បាប់ បទបទបញ្ជា និងនីតិវិធី តាមលក្ខណះ ៤ច្បាប់ គឺ ១-ការចុះឈ្មោះបោះឆ្នោត ,២-ការចុះបញ្ជី បេក្ខជនគណបក្សនយោបាយ ,៣-ការឃោសនាបោះឆ្នោត និង ៤-ការរាប់សន្លឹកឆ្នោត និងការប្រកាសផ្សាយលទ្ធផល នៃការបោះឆ្នោត។
អគ្គលេខាធិការរង គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត លោក ម៉ុក ដារ៉ា បានបញ្ជាក់ថា ការអនុវត្តន៍បែបនេះ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន សំដៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា ៕ អត្ថបទ៖ឡុង សំបូរ