ខេត្តព្រះវិហារ៖ ការអំពាវនាវរបស់អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដែលជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានថ្លែង ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត ,ការប្រគល់ សេចក្ដីសម្រេច ជូនដល់អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រះវិហារ ដែលទើបប្រកាសទទួលស្គាល់ ១៣រូប បន្ថែមទៀត កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តព្រះវិហារ ។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ លោក យ៉ុង គឹមហ៊ាន បានឡើងសម្តែង ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ សមាជិកសមាជិកាទាំងអស់ និងបានធ្វើរបាយការណ៍ជូន ពីលទ្ធផលការងារដែលសម្រេចបានរបស់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នាពេលកន្លងមក រួមមាន៖ ការងាររៀបចំរចនាសម្ព័ន្ធ ការងារហិរញ្ញវត្ថុ សកម្មភាពការងារពង្រឹងអង្គការចាត់តាំងរបស់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងការលើកតម្កើងកិត្តនាម អត្តសញ្ញាណជាតិ ការអភិវឌ្ឍសមត្ថភាពយុវជន ការចូលរួមសកម្មភាពសង្គម និងកិច្ចការងារផ្សេងៗ ជាច្រើនទៀត ផងដែរ ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង កោតសរសើរដល់កិច្ចខិតខំប្រឹងអនុវត្តការងាររបស់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើឲ្យសម្រេចបានយ៉ាងល្អប្រសើរ ទាំងពេលកន្លងមក ក៏ដូចក្នុងពេលបច្ចុប្បន្ន ក្នុងការចូលរួមក្នុងសកម្មភាពនានា និងបានបម្រើក្នុងកិច្ចការងារសង្គមជាច្រើន ។
លោក គីម រិទ្ធី បានថ្លែង លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តទាំងអស់ ឲ្យបន្តសកម្មភាពដោយស្ម័គ្រចិត្ត ក្នុងការចូលរួម ការងារមនុស្សធម៌ ជួយដល់សង្គមជាតិ ជាពិសេស ត្រូវចូលរួមទៅលើការផ្តល់ឈាម ដើម្បីជួយដល់ជនរងគ្រោះ ក្នុងហេតុការគ្រោះថ្នាក់ជាយថាហេតុនានា ឲ្យបានសស្រាក់សស្រាំបំផុត ៕ អត្ថបទ៖ឡុង សំបូរ