មេបញ្ជាការកងទ័ពជើងគោក ឧត្ថម្ភទូក និងម៉ាស៊ីនទូក ៤គ្រឿង ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ

0

ខេត្តព្រះវិហារ៖ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រគល់​ទូក និងម៉ាស៊ីនទូក ៤គ្រឿង ជូនដល់​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងព្រះវិហារ សម្រាប់​សកម្មភាព​ក្នុង​បេសកកម្ម​ផ្សេងៗ ​តាម​បទ​បញ្ជា​ ជាពិសេស​ នៅក្នុង​សកម្មភាព​មនុស្សធម៌ ​បម្រើ​ប្រជាជន ដែល​​កំពុង​រងផលប៉ះពាល់ ​ដោយ​គ្រោះ​ធម្មជាតិ​ជំនន់​ទឹក​ភ្លៀង​ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ការប្រគល់ទូក និងម៉ាស៊ីនទាំង ៤គ្រឿងនោះ បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ តាមរយៈក្រុមការងារ ដែលជាតំណាងរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​ កងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក ។

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ លោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា បានថ្លែង ដោយសម្តែង នូវការ​គោរព​ថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅ​ជាទី​បំផុត ​ចំពោះ​ លោកឧត្ដមសេនីយ៍​ឯក ​ហ៊ុន​ ម៉ាណែត​ ដែល​ជានិច្ចកាល​តែងតែ​យក​ចិត្ត​ទុកដាក់ ​គិតគូរ​ខ្ពស់បំផុត​ដល់​ភាពសុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ ពិសេស​ ក្នុង​កាលៈទេសៈ​ដែល​ប្រជាជន​មួយ​ចំនួន​ នៅ​ខេត្តព្រះវិហារ ​កំពុង​ទទួល​រង​ផលប៉ះពាល់​ដោយ​គ្រោះ​ជំនន់​ទឹក​ភ្លៀង​។

លោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា បានថ្លែងទៀតថា ក្នុង​នាមមេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ នាយទាហាន​ នាយទាហាន​រង​ និងពលទាហាន​ ទាំងអស់​ សូមគោរពជូនពរ​ លោកឧត្តមសេនីយ៍ឯក​ មេបញ្ជាការ​កងទ័ព​ជើង​គោក​ និងលោកជំទាវ​ សូមមានសុខភាពល្អ​ កម្លាំង​មាំមួន​ និងពរទាំង​ ៤ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ ពលៈ​ កកុំបីឃ្លៀងឃ្លាតឡើយ ៕ អត្ថបទ ៖ឡុង សំបូរ