ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តព្រះវិហារ កំពុងរកវិធានការស្តារស្រូវវស្សាជិត ១ម៉ឺនហិចតា ដែលរងការលិចលង់ ដោយជំនន់ទឹកភ្លៀងឡើងវិញ ក្រោយការចុះស្រង់ទិន្នន័យ និងការផ្ទៀងផ្ទាត់លើផ្ទៃដីដែលរងការជន់លិច

0

ខេត្តព្រះវិហារ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ចាន់ចេស្តា​  រួមជាមួយ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានចុះពិនិត្យផ្ទៀងផ្ទាត់ និងស្រង់ទិន្នន័យលើផ្ទៃដីស្រែ និងផ្ទៃដីដំណាំកសិកម្ម ដែលបានរងការខូចខាតដោយទឹកជំនន់ ដើម្បីរកវិធានការស្តារឡើងវិញ ក្នុងការជួយដល់កសិករ ឲ្យមានជីវភាពល្អប្រសើរឡើងវិញ ក្រោយរដូវទឹកសម្រក ។

ការចុះផ្ទៀងផ្ទាត់លើផ្ទៃដីស្រែ និងដីដំណាំរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាត និងប៉ះពាល់ដោយទឹកជំនន់ កាលពីថ្ងៃទី១២តុលាម្សិលមិញនោះ បានធ្វើឡើងនៅក្នុងស្រុក២ គឺស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ ។

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ លោក ចាន់ ចេស្តា បានឱ្យដឹងថា តាមការចុះពិនិត្យជាក់ស្តែង និងផ្អែកតាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា នៅក្នុងខេត្តព្រះវិហារ គិតមកដល់ត្រឹមថ្ងៃ១១តុលា២០២២ ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋ ២២៩ខ្នងផ្ទះ និងជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពចំនួន ១២៣ គ្រួសារ។ លោកថា ក្នុងនោះ ប៉ះពាល់ស្រូវស្រែចំការចំនួន ៩ពាន់ ៧៤៩ហិចតា ស្មើនឹង ៦ពាន់៣៤៨ គ្រួសារ ប៉ះពាល់ដំណាំផ្សេងៗ ៤ពាន់ ៧៨១ហិចតា ស្មើនឹង ៤ពាន់ ៥៧ គ្រួសារ ក្នុងនោះមានការខូចខាតជាបឋម ដោយសារទឹកមិនស្រកផុត គឺស្រូវស្រែចំការ ចំនួន ២ពាន់ ៤៣០ហិចតា ស្មើនឹង ២ពាន់ ៣៣៨ គ្រួសារ និងដំណាំផ្សេងៗ ចំនួន ២ពាន់ ៣០០ហិកតា ស្មើនឹងចំនួនមនុស្ស ២ពាន់ ៣៣០គ្រួសារ។

លោករដ្ឋលេខាធិការក្រសួងកសិកម្ម បានបន្តថា ក្រោយការពិនិត្យឃើញជាក់ស្តែង គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានពិភាក្សាជាមួយអាជ្ញាធរ ភូមិ ឃុំ ស្រុក តាមរយះ លោកអភិបាលខេត្ត ដោយរង់ចាំទទួលយកសំណើររបស់ប្រជាពលរដ្ឋ ហើយក៏បានជួបប្រជាពលរដ្ឋតាមឃុំមួយចំនួន នៅស្រុកជ័យសែន និងស្រុករវៀង ឃើញថា ផ្ទៃដីស្រូវដែលខូចខាតនេះ សម្រាប់ចុងរដូវ ពួកគាត់មានបញ្ហាមួយពេល ដែលឱ្យពូជស្រូវមកគាត់មិនអាចធ្វើស្រូវបាន ដោយសារអត់មានប្រភពទឹក ។ ប៉ុន្តែ សម្រាប់ពូជស្រូវនេះ គាត់ថា បើមិនអាចធ្វើចុងរដូវវស្សាបាន គឺគាត់អាចធ្វើដើមរដូវវស្សាឆ្នាំក្រោយក៏បានដែរ។

ទន្ទឹមនេះ លោករដ្ឋលេខាធិការក្រសួងកសិកម្ម បានផ្តល់ជាជម្រើសដល់ប្រជាពលរដ្ឋថា  បើគាត់មិនធ្វើស្រូវទេ គឺអាចជ្រើសរើសយកនូវពូជដំណាំរួមផ្សំ និងបន្លែ ដែលអគ្គនាយកដ្ឋានកសិកម្ម មានរហូតដល់ ១៦មុខ សម្រាប់យកទៅផលិតនៅក្នុងដីដែលអាចធ្វើបានដោយប្រើប្រាស់ទឹកតិចតួច សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ  ហើយបើសិនជាច្រើនអាចលក់បាន។

អភិបាលខេត្តព្រះវិហារ​ លោក គីម រិទ្ធី បានថ្លែងថា រដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកសិករដែលរំពឹងលើដំណាំ ដែលជាចំណូលប្រចាំថ្ងៃរបស់ពួកគាត់។ ហើយលោកអភិបាលខេត្ត បានសន្យាថា នឹងនៅកៀកជាមួយប្រជាពលរដ្ឋជានិច្ច ដើម្បីទទួលយកសំណូមពរទាំងឡាយ  ជាពិសេស មិនឱ្យប្រជាពលរដ្ឋដាច់ស្បៀង ដោយអាជ្ញាធរមិនបានដឹងនោះឡើយ។

ប្រជាពលរដ្ឋបានសំដែង នូវក្តីរំភើបយ៉ាងក្រៃលែង ក្រោយទទួកបានការសន្យាពិត ធ្វើពិត ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស ថ្នាក់ដឹកនាំខេត្តព្រះវិហារ នោះតែម្តង ក្នុងគ្រាដែលពួកគាត់ បានជួបបញ្ហាប្រឈម នឹងជីវភាពរស់នៅដ៏លំបាកលំបិននេះ ៕អត្ថបទ៖ឡុង សំបូរ