សៀមរាប ឆ្លងកាត់តាមការប្រកួតក្នុងពូលនិមួយៗរបស់ក្រុមកីឡាករ ដើម្បីជ្រើសរើសជើងឯកប្រចាំសម្ព័ន្ធបាល់ទាត់សណ្ឋាគារ និង ទេសចរណ៍ខេត្តសៀមរាប ប្រចាំឆ្នាំ២០១៤ បានប្រព្រឹទ្ធទៅប្រកបដោយមិត្តភាព សាមគ្គីភាព ដោយមានការ គាំទ្រពីបណ្តាសណ្ឋាគារ និង ក្រុមហ៊ុនទេសចរណ៍ ចំនួន១៨ ក្រុម ព្រមទាំងមានការរួមសហការជាមួយមន្ទីរអប់រំយុវជន និង កីឡាខេត្ត ចាប់ពីថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១៤ មកដល់វគ្គផ្តាច់ព្រាត់ នារសៀលថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៤ ត្រូវបានធ្វើពិធីបិទការប្រកួតរបស់ខ្លួនក្រោមវត្តមានរបស់លោកឃឹមប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាបនិងលោកនូផល្លាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរផងដែរ ។
តាមសេចក្តីរាយការណ៍របស់លោកប៉ាត់សំបូរប្រធានសម្ព័ន្ធបាល់ទាត់សណ្ឋាគារនិង ទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថាការប្រកួតជ្រើសរើសជើងឯកសម្រាប់ក្របខ័ណ្ឌសណ្ឋាការនិងទេសចរណ៍ ក្នុងការវាស់ស្ទង់កម្រិតបច្ចេកទេសបទពិសោធន៍ហើយនៅឆ្នាំ២០១៤នេះជាឆ្នាំទី៩ហើយ មានសមាជិកសម្ព័ន្ធកីឡាចំនួន១៨ក្រុមដែលបានចូលរួមធ្វើការប្រកួត។លោកបន្តទៀតថា ក្រោមដំណើរការប្រកួតយ៉ាងយកចិត្តទុកដាក់ស្វិតស្វាញតាមក្រុមនៃពូលនិមួយៗ ដើម្បីដណ្តើមជើងឯកប្រចាំឆ្នាំ២០១៤នេះត្រូវទទួលបានចំណាត់ថ្នាក់ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាបាល់ទាត់ សណ្ឋាគារវិចតូរីយ៉ាអង្គរ លាភីលេខ២ បានទៅក្រុមសណ្ឋាគារ សោម៉ាទេវី លាភីលេខ៣ ក្រុមអាកាសយានដ្ឋានអន្តរជាតិសៀមរាប និង លាភីលេខ៤ ក្រុមសណ្ឋាគារប៉ារ៉ាយ៉ុង។ ម្យ៉ាងទៀត ក្នុងក្រុមនិមួយៗបានប្រកួតបានល្អ ជាងបណ្តាឆ្នាំមុនៗ និង ចេះអធ្យាស្រ័យគ្នា ក្នុងន័យសាមគ្គីគ្នាល្អ ពីក្រុមមួយទៅក្រុមមួយទៀតផងដែរ ។ 
សូមបញ្ជាក់ថា ចំណាត់ថ្នាក់លេខ១នេះ ត្រូវបានក្រុមកីឡាករសណ្ឋាគារ វិចតូរីយ៉ាអង្គរ ទទួលបានរយៈពេល៥ឆ្នាំជាប់ៗគ្នាផងដែរ ។ មានប្រសាសន៍ក្នុងពិធីបិទការប្រកួតនោះលោកឃឹមប៊ុនសុងក៏បានធ្វើការកោតសរសើរផងដែរ ចំពោះសម្ព័ន្ធបាល់ទាត់សណ្ឋាគារនិងទេសចរណ៍ ដែលរួមសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាបានធ្វើឲ្យព្រឹត្តិការណ៍នៃការប្រកូតកីឡាបាល់ទាត់ ប្រចាំឆ្នាំ២០១៤បានដំណើរការទៅដោយរលូន។លោកក៏បានលើកទឹកចិត្តក្រុមកីឡាករទាំង១៨ក្រុម ដែលបានឆ្លៀតឱកាសពីការងារជំនួញរបស់ខ្លួនមកចូលរួមលើកស្ទួយវិស័យកីឡាកម្ពុជា ឲ្យមានកិត្តិយសលើឆាកអន្តរជាតិ។
ម្យ៉ាងទៀតនៅពេលបញ្ចប់ការប្រកួតកីឡានេះ យើងបានជ្រើសរើសរកឃើញនូវកីឡាករឆ្នើមៗហើយក៏មិនជាការវាស់ស្ទង់កម្រិតបច្ចេកទេសប៉ុណ្ណោះទេ គឺបានផ្តល់មកនូវធនធានមនុស្សប្រកបដោយកាយសម្បទាមាំមួនមានសុខភាពល្អប្រាជ្ញាឈ្លាសវៃ មានការសាមគ្គីទូលំទូលាយនិងរួមគ្នាថែរក្សាការពារបូរណភាពទឹកដី ប្រពៃណីទំនៀមទម្លាប់ឲ្យបានគង់វង្ស។
លោកឃឹមប៊ុនសុង បានគូសបញ្ជាក់ថាវិស័យកីឡាបានលើកស្ទួយដល់កិត្តិយសជាតិ និង ឲ្យអន្តរជាតិ កាន់តែបានស្គាល់ពីអត្តចរិក ទំនៀមទម្លាប់ប្រពៃណីខ្មែរហើយកីឡាជាការទូតសន្តិភាពផងដែរ។ ការប្រកួតរបស់ក្រុមកីឡាករបាល់ទាត់ទាំងអស់បានគោរពគោលការណ៍លក្ខន្ត័កៈនិង បទបញ្ជាបច្ចេកទេសប្រកួតដោយឈរលើស្មារតីសាមគ្គីភាពភាតរភាពជាកីឡាករ ហើយកីឡាបានធ្វើឲ្យយុវវ័យគ្រប់ រូបបានចាកចេញឆ្ងាយពីគ្រឿងញៀនទៀតផង ។
ឯកឧត្តមក៏បានលើកឡើងថា នៅថ្ងៃខាងមុខនេះ ខេត្តសៀមរាបយើង នឹងមានធ្វើពិធីបុណ្យអ៊ុំទូក ហើយក៏ត្រូវការកីឡាករផងដែរ ។ ឯកឧត្តមក៏ បានផ្តាំផ្ញើ និង អំពាវនាវដល់គ្រប់សណ្ឋាគារ ក្រុមហ៊ុន មន្ទីរ ស្ថាប័ន អង្គភាព ត្រូវបន្តនូវវ
ប្បធម៌សាមគ្គីភាព ដើម្បីធ្វើឲ្យវិស័យកីឡា មានការអភិវឌ្ឍន៍រីកចម្រើន ក្នុងគោលដៅសុខមាលភាព ផ្លូវកាយបញ្ញា របស់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកលើកស្ទួយកិត្យានុភាពជាតិ។ម្យ៉ាងទៀតវិស័យកីឡា ក៏ជាចលករមួយក្នុងការស្រូបយកនូវ
ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រនៃយើងផងដែរ។ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរថាក្រុមកីឡាករទាំងអស់កុំមោទនភាពនូវជ័យជំនះរបស់ខ្លួន គឺត្រូវធ្វើការហ្វឹកហាត់នូវបច្ចេកទេសរបស់ខ្លួនបន្ថែមទាំងអ្នកឈ្នះទាំងអ្នកចាញ់ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការដណ្តើមភាពជោគជ័យនៅឆ្នាំក្រោយៗបន្តទៀត ។ ក្នុងការផ្តល់ជ័យលាភីនោះដែរលោកឃឹមប៊ុនសុងបានឧបត្ថម្ភបន្ថែមទឹកប្រាក់អមពានរង្វាន់ ចំពោះចំណាត់ ថ្នាក់លេខ១ ចំនួន ២០០ដុល្លា លេខ២ ចំនួន១៥០ដុល្លា លេខ៣ចំនួន១០០ដុល្លា និង ឧបត្ថម្ភដល់ក្រុមភ្លេងត្រែ កាយរឹទ្ធ ចំនួន ៤០ម៉ឺនរៀលផងដែរ ៕






































