ខេត្តព្រះវិហារ៖ ប្រាសាទព្រះវិហារ គឺជាមរតវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ និងក៏ជារមណីដ្ឋានប្រវត្តិសាស្ត្រ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ប្រាសាទដ៏ពិសិដ្ឋនេះ ត្រូវគេដឹងថា បច្ចាមិត្រតែងមានមហិច្ឆិតាចង់លេបត្របាក់យក ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រាសាទបុរាណដែលស្ថិតនៅលើកំពូលភ្នំដងរ៉ែកមួយនេះ នៅតែជាសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ដ៏មានតម្លៃមហាសាល របស់ប្រជាជាតិខ្មែរ ជាដដែល ។
ដើម្បីរំលឹកពីស្នាព្រះហត្ថក្នុងព្រះរាជបូជនីយកិច្ច ការពារប្រាសាទព្រះវិហារ មាតុភូមិកម្ពុជា និងត្រូវជាថ្ងៃរំលឹកខួប ១០ឆ្នាំ នៃការយាងសោយទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ បានរួមគ្នាធ្វើពិធី គោរពព្រះវិញ្ញាណក្ខ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ ដោយមានធ្វើពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃ ១០០អង្គ នៅលើកំពូលភ្នំដងរ៉ែង នៃប្រាសាទព្រះវិហារ ។
ពិធីដែលបានរៀបចំធ្វើឡើង កាលពីថ្ងៃទី១៥តុលា២០២២ ចុងសប្តាហ៍កន្លងទៅនេះ បានរៀបចំឡើងក្រោមកិច្ចសហការ និងចូលរួមពី អគ្គនាយអាជ្ញាធរជាតិប្រាសាទព្រះវិហារ លោក គង់ ពុទ្ធិការ ,ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អង្គភាពកងកម្លាំងទាំង៣ សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋដ៏ច្រើនកុះករ ផងដែរ ។
ពិធីគោរព្រះវិញ្ញាក្ខន្ធគម្រប់ខួប ១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់ ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ដែលស្ថិតនៅលើកំពូលភ្នំដងរ៉ែក នៃប្រាសាទព្រះវិហារ ក្នុងថ្ងៃ(១៥តុលា២០១២-១៥តុលា២០២២) នាគ្រានោះ គេបានសង្កេតឃើញ ផ្ទៃមេឃហាក់មានសភាពអួរអ័ព្ទ និងការចុះអ័ព្ទបែកផ្សែងពេញផ្ទៃអាកាសវេហាស៍ និងផ្តល់នូវភាពត្រជាក់ត្រជុំយ៉ាងក្រៃលែង ៕ អត្ថបទ៖ឡុង សំបូរ