ខេត្តឧត្តរមានជ័យ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមទាំង លោកជំទាវ ពេជ ចន្ទមុន្នី បានឧបត្ថម្ភបរិក្ខាជាច្រើនមុខ ជូនដល់អង្គភាពកងពលតូចថ្មើរជើងលេខ៤១ ចំណុះយោធភូមិភាគទី៤ ទុកសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការចំបាច់នៅក្នុងអង្គភាព និងនៅក្នុងពេលបំពេញភារកិច្ចការពារបុព្វហេតុជាតិ មាតុភូមិកម្ពុជា ។
ការផ្តល់ជូន នូវអំណោយជាសម្ភារៈបរិក្ខាប្រើប្រាស់ជាច្រើនប្រភេទនោះ បានធ្វើឡើងតាមរយៈក្រុមការងាររបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាខេត្តជាប់ព្រំដែនប្រទេសថៃ ។
មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ លោកឧត្តមសេនីយ៍ទោ នាង ឃីម បានថ្លែងឲ្យដឹងថា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមទាំងភរិយា គឺ លោកជំទាវ ពេជ្រ ចន្ទមុន្នី បានឧបត្ថម្ភសម្ភារៈបរិក្ខាប្រើប្រាស់ជាច្រើនមុខ ជូនដល់អង្គភាពកងពលតូចថ្មើរជើងលេខ៤១ ទុកសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការចាំបាច់នៅក្នុងអង្គភាព ក៏ដូចនៅក្នុងពេលបំពេញភារកិច្ចការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ នាង ឃីម បានថ្លែងទៀតថា ការផ្តល់ជំនួយនេះ គឺជាការឆ្លើយតប និងបំពេញសេចក្តីត្រូវការចាំបាច់ របស់កងពលពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ សម្រាប់បម្រើការងារប្រចាំថ្ងៃ ការងារចុះជួយសង្គ្រោះគ្រោះមហន្តរាយ ជូនប្រជាពលរដ្ឋ និងការងារពង្រឹងលើវិស័យការពារជាតិ។
លោកឧត្តមសេនីយ៍ទោ នាង ឃីម បានបញ្ជាក់ថា អំណោយជាសម្ភារៈប្រើប្រាស់ ដែលអង្គភាពកងពលតូចថ្មើរជើងលេខ៤១ ទទួលបាននាពេលនេះ រួមមាន៖ គោយន្ត និងរ៉ឺម៉កសណ្ដោង ៨គ្រឿង/ឈុត ,ម៉ូតូ ១១គ្រឿង ,វិទ្យុទាក់ទង Kanwood ១៥គ្រឿង/ឈុត, និងស័ង្កសីចំនួន ៧ពាន់សន្លឹក ថែមទៀតផង ។
មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ លោកឧត្តមសេនីយ៍ទោ នាង ឃីម បានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបនឹងការផ្តល់អំណោយដ៏ថ្លៃថ្លារបស់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមទាំង លោកជំទាវ ពេជ្រ ចន្ទមុន្នី តាងនាមឲ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានសម្ដែងនូវការដឹងគុណ និងអរគុណជាអនេក ដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចំណាយធនធានផ្ទាល់ខ្លួន ជួយសម្រួលដល់ការលំបាក និងភាពខ្វះខាត ដល់អង្គភាពកងពលតូចថ្មើរជើងលេខ៤១ ក្នុងស្មារតីជាតិនិយម ការគិតគូរពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយព្រហ្មវិហារធម៌។
លោកឧត្តមសេនីយ៍ទោ នាង ឃីម បានបញ្ជាក់ទៀតថា លោកនឹងធ្វើការបែងចែកអំណោយទាំងនេះ ទៅតាមបណ្តាកងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ៤១ ទាំងអស់ ដើម្បីយកទៅប្រើប្រាស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ៖ឡុង សំបូរ