ខេត្តព្រះវិហារ បានរកឃើញទូកជាប់ចំណាត់ថ្នាក់ ៣គូ ក្នុងចំណោម ២៦គូ ក្រោយការបិទបញ្ចប់ពិធីប្រណាំងទូកលក្ខណៈសហគមន៍ក្នុងរយៈពេល ២ថ្ងៃ នៅរមណីដ្ឋានទំនប់ ៩៥

0

ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ បានរៀបចំពិធីប្រណាំងទូកលក្ខណៈសហគមន៍ ចំនួន ៥២ទូក ស្មើនឹង ២៦គូ ដើម្បីអបអរសាទរក្នុងព្រះរាជពិធី «បុណ្យអុំទូក សំពះព្រះខែ អកអំបក និងបណ្តែតប្រទីប» ដែលពិធីនេះ បានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៧វិច្ឆិកា ដល់ថ្ងៃទី៨វិច្ឆិកា២០២២ នៅរមណីដ្ឋានទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្រោយការបិទបញ្ចប់ ការប្រណាំងទូលលក្ខណៈសហគមន៍ ដោយមានការចូលរួមពី មន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋដ៏ច្រើនកុះករ ក្នុងរយៈពេល ២ថ្ងៃមកនេះ គណៈកម្មការរៀបចំបុណ្យអុំទូក បានរកឃើញលទ្ធផលអ្នកឈ្នះ ដែលត្រូវទទួលបានរង្វាន់លើកទឹកចិត្តពីរដ្ឋបាលខេត្តព្រះវិហារ ចំនួន ៣គូ ដែលក្នុងនោះ អង្គភាពស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ទទួលបានចំណាត់ថ្នាក់លេខ១ និងទទួលបានរង្វាន់លើកទឹកចិត្ត នូវទឹកប្រាក់ចំនួន ៨០ម៉ឺនរៀល ផងដែរ ។

ពិធីបុណ្យអុំទូកលក្ខណៈសហគមន៍ ក្នុងរយៈពេល ២ថ្ងៃមកនេះ បានធ្វើឡើងក្រោមការរៀបចំដោយរដ្ឋបាលខេត្តព្រះវិហារ និងក្រោមការអញ្ជើញជាអធិបតីពីសំណាក់ លោកទេសរដ្ឋមន្ដ្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងមានការចូលរួមពី លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ដ្រមណ្ឌលព្រះវិហារ ,លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

នៅក្នុងពិធីបុណ្យនេះទៀត ក៏មានការបង្ហោះគោម បាញ់កាំជ្រួច បណ្ដែតប្រទីប និងអកអំបុក ក្រោមសម្លេងសាទរយ៉ាងខ្ញៀវខ្ញារ ពីអ្នកចូលរួមកំសាន្ត ក្នុងពេលរាត្រី ផងនោះដែរ។

ស្របពេលជាមួយគ្នានោះ លោក ទេសរដ្ឋមន្ដ្រី មាស សុភា​ បានថ្លែងថា ខេត្តព្រះវិហារគឺជាខេត្តមួយនៅឆ្ងាយដាច់ស្រយ៉ាល ជាខេត្តដែលស្ថិតនៅក្នុងតំបន់ព្រៃភ្នំ មានបឹង បួរ និងទន្លេ តែទោះជាយ៉ាងនេះក្តី ក៏ខេត្តព្រះវិហារ តែងបានប្រារព្ធពិធីបុណ្យអុំទូក សំពះព្រះខែ អកអំបុក និងបណ្តែតប្រទីប ជារៀងរាល់ឆ្នាំ ប៉ុន្តែ ទើបតែខកខានក្នុងរយៈពេល នៃការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ ក្នុងរយៈពេល ២ឆ្នាំ កន្លងមកនេះ។ លោកថា នេះជាលើកដំបូងបង្អស់ហើយ ដែលខេត្តព្រះវិហារ បានរៀបចំបុណ្យអុំទូក លក្ខណៈសហគមន៍ នៅរមណីដ្ឋានទំនប់៩៥ នេះ ក្រោមការផ្តួចផ្តើមពី អាជ្ញាធរខេត្តព្រះវិហារ ។

លោក ទេសរដ្ឋមន្ដ្រី មាស សុភា​ បានថ្លែងទៀតថា ការប្រារព្ធពិធីបុណ្យអុំទូក គឺដើម្បីចូលរួមថែរក្សា វប្បធម៌ ប្រពៃណីជាតិ ដ៏ល្អផូរផង់របស់យើង ឲ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍ ព្រោះជាបុណ្យប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតា បានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ ហើយក៏ជាបុណ្យដ៏មានសារៈសំខាន់ ជាបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមបុណ្យសំខាន់ៗ ជាច្រើនទៀត ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ ប្រតិបត្តិជារៀងរាល់ឆ្នាំ មិនដែលខកខាននោះទេ ។

គួរបញ្ជាក់ថា ទូកដែលចូលរួមប្រកួតក្នុងរយៈពេល ២ថ្ងៃនេះ គឺមានចំនួន ៥២ទូក ស្មើ ២៦គូរ ក្នុងនោះប្រភេទទូក ២នាក់ ទល់នឹង ២នាក់ ដែលជាទូកកិត្តិយស អុំដោយថ្នាក់ដឹកនាំមន្ដ្រីរាជការ តាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត មានចំនួន ១៥គូរ អុំលើរយៈចម្ងាយ ២០០ម៉ែត្រ, ទូកចំណុះ ៤នាក់ ទល់នឹង ៤នាក់ ចំនួន ៥គូរ និងប្រភេទទូកនេសាទ ៦នាក់ ទល់នឹង ៦នាក់ ចំនួន ៦គូរ អុំលើរយៈចម្ងាយ ៣៧០ម៉ែត្រ ៕ដោយ៖ឡុង សំបូរ