ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋ ១១គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីយប់មិញ នៅខាងក្រោយផ្សារកំពង់ប្រណាក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ខេត្ត តាមរយៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
អំណោយកាកបាទក្រហមកម្ពុជា ដែលអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី នាំយកទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះទាំង ១១គ្រួសារនោះ ក្នុងនោះ ៥គ្រួសារ ត្រូវបានអគ្គីភ័យលេបត្របាក់ផ្ទះអស់ទាំងស្រុង និង៦គ្រួសារទៀត រងផលប៉ះពាល់របើកដំបូលផ្ទះ ។
ចំពោះប្រជាពលរដ្ឋ ៥គ្រួសារ ដែលត្រូវបានអគ្គីភ័យលេបត្របាក់ផ្ទះអស់ទាំងស្រុង ក្នុង១គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១កញ្ចប់ តង់១ ធុងទឹក១ កន្ទេល១ ចានឆ្នាំស្លាបព្រា១ និងថវិកាក្នុង ១លានរៀល។
ដោយឡែក គ្រួសារដែលផ្ទះប៉ះពាល់ (នៅជិតផ្ទះឆេះ របើកដំបូល) ៣ខ្នងផ្ទះ ស្មើ ៦គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកា ២០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ និងទឹកស៊ីអ៊ីវ ១យួរ ផងដែរ ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ដោយសម្តែង នូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ទីជម្រកដែលកសាងបានមកដោយលំបាករបស់ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះអគ្គីភ័យនេះ។ លោកបានថ្លែង លើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យខិតខំស្តារជីវភាពឡើងវិញ ក្រោយការបាត់បង់ទីជម្រក និងមុខរបរ ដោយសារភ្លើងឆេះផ្ទះអស់ នៅក្នុងពេលនេះ។
គួរបញ្ជាក់ថា យោងរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា កាលពីម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ មានកើតឡើងនូវគ្រោះអគ្គីភ័យមួយ នៅចំណុចផ្សារ កំពង់ប្រណាក ស្ថិតក្នុង ភូមិកណ្ដាល សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បណ្ដាលឲ្យឆេះខូចខាតបន្ទប់ជួល ៤បន្ទប់ និងតូបផ្សារ ៥តូប តែមិនបណ្ដាលឲ្យមានមនុស្ស រងគ្រោះថ្នាក់នោះឡើយ។
ចំពោះការកើតឡើងនូវគ្រោះអគ្គីភ័យនេះ កម្លាំងនគរបាលខេត្តព្រះវិហារ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត និងមានការចុះធ្វើកិច្ចអន្តរាគមន៍ជួយពន្លត់ភ្លើង ពីសំណាក់អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី អភិបាលរងខេត្ត អភិបាលក្រុងព្រះវិហារ រួមនឹងកម្លាំងសមត្ថកិច្ចជាច្រើនប្រភេទទៀត ផងដែរ។
នៅក្នុងអំឡុងពេល នៃការបាញ់ទឹកពន្លត់ភ្លើងនោះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ៣គ្រឿង ដើម្បីអន្តរាគមន៍ទប់ស្កាត់ពន្លត់ភ្លើង ឲ្យរលត់ទៅវិញ (គ្រប់គ្រងស្ថានការណ៍បាន) ទាំងស្រុង នៅម៉ោង ១០ និង ១៥នាទីយប់ ដោយប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត។ រីឯមូលហេតុ នៃការកើតឡើងគ្រោះអគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចបានដាក់ការសង្ស័យថា អាចបណ្តាលមកពីទុស្សេខ្សែភ្លើង ហើយកម្លាំងសមត្ថកិច្ចជំនាញ កំពុងបន្តស្រាវជ្រាវ ៕ដោយ៖ឡុង សំបូរ