ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញបួងសួង សុំសេចក្តីសុខចម្រើននៅប្រាសាទចតុមុខ និងប្រាសាទព្រះខ័ន និងចែកអំណោយជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលកន្លងមកជិត ៥០០គ្រួសារ នៅក្នុងខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បានដឹកនាំគណប្រតិភូជាន់ខ្ពស់ និងមានការចូលរួមពី អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ,ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ រួមទាំងមន្ត្រីខេត្ត ក្រុង ស្រុកជាច្រើនរូបទៀត បានអញ្ជើញអុជធូបបួងសួង សុំសេចក្តីសុខចម្រើននៅប្រាសាទចតុមុខ និងប្រាសាទព្រះខ័ន និងបន្តចុះចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៤៧៣ គ្រួសារ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។

នៅក្នុងពិធីបួងសួងសុំសេចក្តីសុខចម្រើននេះ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី លួងម៉ែ លួងយាយ លួងយាយទួត ,ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ,ថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមជួបតែសេចក្តីសុខ ចម្រើនរុងរឿង ជាពិសេស សូមឲ្យប្រទេសជាតិ រួចផុតពីជំងឺដង្កាត់ គ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត និងសំបូរសប្បាយជានិច្ចនិរន្តរ៍។

បន្ទាប់មក ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ចំនួន៤៧៣គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខកំប៉ុង១យួរ និងគ្រាប់ពូជដំណាំមួយចំនួន ផងដែរ ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា សម្តេចេតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ពិសេស ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នាពេលកន្លងមកនេះ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ បានមានប្រសាសន៍ទៀតថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះ បានធ្វើឡើងដោយជោគជ័យ និងគួរជាទីមោទនភាពយ៉ាងក្រៃលែង និងលោកជំទាវ ក៏បានស្នើដល់អាជ្ញាធរដែនដី និងមន្ត្រីមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តថែរក្សាសន្តិភាព និងសន្តិសុខជូនដល់ប្រទេសជាតិ និងប្រជាជនឲ្យបានល្អប្រសើរ ។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែង ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបង្កបង្កើនផលបន្ថែមទៀត ពិសេសគ្រាប់ពូជដែលទទួលបាននាពេលនេះ  ត្រូវខិតខំធ្វើការដាំដុះ ដើម្បីសម្រួលដល់ជីវភាពគ្រួសារប្រចាំថ្ងៃ និងត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ជៀសផុតពីជម្ងឺផ្សេងៗ ជាពិសេសជម្ងឺកូវីដ១៩។ ជាងនេះទៅទៀត ត្រូវទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីយើងមានឱកាស បោះឆ្នោតជាតិនាពេលខាងមុខ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនជាបន្តទៀត៕ដោយ៖ឡុង សំបូរ