ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញប្រកាសកែសម្រួល និងបំពេញបន្ថែម សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកជំទាវ កិត្តិសង្គហបណ្ឌិត ​ម៉ែន សំអន ​បានអញ្ជើញប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ។

ពិធីដែលបានធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នោះ ក៏មានការអញ្ជើញចូលរួមពី សមាជិករដ្ឋសភា ,ព្រឹទ្ធសភា ,លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ,លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ,ថ្នាក់ដឹកនាំខេត្ត ,កងកម្លាំងទាំង៣ ,មន្ទីរ, អង្គភាពជុំវិញខេត្ត និងសមាជិកានៃសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភវិឌ្ឍន៍ខេត្តព្រះវិហារ ជាច្រើនរូបទៀត ផងដែរ។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹក ជូនដល់សមាជិក សមាជិកា សមាគមនារីនៅគ្រប់ទីកន្លែងទាំងអស់ ពិសេស នារីនៅក្នុងខេត្តព្រះវិហារនេះ គឺ សម្តេចទាំងទ្វេរ តែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ច។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ​ម៉ែន សំអន បានថ្លែង អបអរសាទរចំពោះ លោកស្រី សុខា គងពិសី ដែលត្រូវបានប្រកាសតែងតាំងជា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ និងបានកោតសរសើរ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចរបស់ខ្លួននាពេលកន្លងមក ទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់ ដោយមានការជួយជ្រោមជ្រែង សម្របសម្រួល និងផ្តល់ភាពងាយស្រួលពីលោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ ផងដែរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើដល់ថ្នាក់ដឹកនាំ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន តាមលក្ខន្តិកៈ ដែលបានកំណត់ និងបានអំពាវនាវ ឲ្យនារីគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតាមវិធានការណ៍ ៣ការពារ ៣កុំ និងបានណែនាំឲ្យនារីគ្រប់រូប ត្រូវចេះការពារនូវសមិទ្ធផល និងផលប្រយោជន៍របស់ រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់លើសមាជិកម្នាក់ ជាសម្លេងគាំទ្រគណបក្ស ១សន្លឹក។

ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកជំទាវ កិត្តិសង្គហបណ្ឌិត ​ម៉ែន សំអន បានថ្លែងអំណរគុណចំពោះការចូលរួមរបស់នារីនៅគ្រប់ដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២២ និងត្រូវរក្សាប្រៀបឈ្នះឲ្យបានក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ។

នៅក្នុងឱកាសនោះ ផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តល់ជូនថវិកា ចំនួន ១៣លានរៀល និងប្រាក់ដុល្លារ ចំនួន ២ពាន់ ២០០ដុល្លារ ទៅឲ្យសាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ សម្រាប់ត្រៀមទុកធ្វើសកម្មភាពមនុស្សធម៌ នៅក្នុងដែនដីរដ្ឋបាលខេត្តព្រះវិហារ៕ដោយ៖ឡុង សំបូរ