ខេត្តព្រះវិហារ៖ ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ ខេត្តព្រះវិហារ មានមណ្ឌលប្រឡង ៣ និងមានបេក្ខជន ១ពាន់ ៦៧៧នាក់ ចូលរួមនៅក្នុងការប្រកួតប្រជែងចំណេះដឹង ដែលបានសិក្សានាពេលកន្លងមក ដើម្បីដណ្តើមយកជ័យលាភីសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅកម្រិតថ្នាក់វិទ្យាល័យ និងដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ក៏ដូចចេញទៅបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ឬស្ថាប័នឯកជននានាទៀត។
ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២២នេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ធ្នូ ដល់ថ្ងៃទី៦ធ្នូ២០២២ នៅក្របខណ្ឌទូទាំងប្រទេស។
ដោយឡែក ខេត្តព្រះវិហារ នៅថ្ងៃទី១ នៃសម័យប្រឡង ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ដែលបានធ្វើឡើងនៅវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ក៏បានចាប់បើកវិញ្ញាសារប្រឡងព្រមៗគ្នានៅព្រឹកនេះផងដែរ នៅតាមមណ្ឌលប្រឡងទាំង៣ ដោយបានធ្វើឡើងក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់របស់ អភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី ,ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ,តំណាងអង្គភាពប្រឆាំងអំពើរពុករលួយ ,សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ផងដែរ។
យោងរបាយការណ៍របស់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បានបង្ហាញថា ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ ខេត្តព្រះវិហារ មានមណ្ឌលប្រឡងចំនួន៣ ,មានបេក្ខជនសរុប ១ពាន់ ៦៧៧នាក់ ស្រី ៩២០នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្តចំនួន ៣៦១នាក់ ស្រី ២២៥នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១ពាន់ ៣១៦នាក់ ស្រី ៦៩៥នាក់។
អភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ យើងបានធ្វើការរៀបចំដំណើរការដោយរលូន ទៅតាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សារាចរណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តន៍វិធានការសុខាភិបាល ៣ការពារ និង ៣កុំ បង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយមានការត្រួតពិនិត្យសុខភាពជាមុន ពាក់ម៉ាស បាញ់អាល់កុលជាដើម និងរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ មានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងការចូលរួមសម្របសម្រួលពីយុវជនសសយក និងមានការត្រួតពិនិត្យពីក្រុមមន្ត្រីអង្គភាពប្រឆាំងអំពើរពុករលួយ ថែមទៀតផង ។
អភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី បានថ្លែង ក្រើនរំលឹកដល់បេក្ខជនប្រឡងទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់សមត្ថភាព ដើម្បីទទួលបានជោគជ័យលើការប្រឡងនេះ យកទៅសម្រេចលើជោគវាសនារបស់ខ្លួន នាពេលអនាគត។
គួរបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)២០២២ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ៥-៦ធ្នូ២០២២នេះ រដ្ឋបាលខេត្តព្រះវិហារ បានដាក់ចេញ នូវផែនការពង្រឹង និងរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបានប្រើប្រាស់កម្លាំង ស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ជាមួយនឹងការត្រៀមក្រុមគ្រូពេទ្យប្រចាំការ ដើម្បីសង្គ្រោះបន្ទាន់ក្នុងករណីចាំបាច់ ផងដែរ៕ដោយ៖ឡុង សំបូរ