អាជ្ញាធរខេត្តព្រះវិហារ ជំរុញមន្ត្រីថ្នាក់មូលដ្ឋានសហការគ្នា ថែរក្សា និងការពារសហគមន៍ទេសចរណ៍ធម្មជាតិ ភ្នំត្នោត-ភ្នំពក ឲ្យនៅតែមានសម្រស់បៃតងជានិច្ច

0

ខេត្តព្រះវិហារ៖ ការជំរុញរបស់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារា បានធ្វើឡើងនៅថ្ងៃទី៥ធ្នូនេះ ក្នុងគ្រាដែលលោកបានដឹកនាំមន្ត្រីបរិស្ថានខេត្ត និងអាជ្ញាធរថ្នាក់មូលដ្ឋាន ចុះស្វែងយល់ពីតំបន់ សហគមន៍ទេសចរណ៍ធម្មជាតិ ភ្នំត្នោត-ភ្នំពក ដែលគ្រប់គ្រង ការពារ និងអភិរក្ស ដោយលោក ប៊ែន ដាវិស និងភរិយា ស្ថិតនៅក្នុងភូមិតាបស ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារា បានថ្លែងឲ្យដឹងថា ការចុះសិក្សាស្វែងយល់ អំពី តំបន់ការពារធម្មជាតិ (សហគមទេសចរណ៍ធម្មជាតិ) ភ្នំត្នោត-ភ្នំពក ដែលគ្រប់គ្រង ការពារ និងអភិរក្ស ដោយលោក ប៊ែន ដាវិស នោះ បានធ្វើឡើងក្រោមការចង្អុរបង្ហាញពី ថ្នាក់ដឹកនាំខេត្ត ពិសេស អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដោយសារលោក មានការគិតគូរពីកិច្ចការពារ និងអភិរក្សតំបន់ធនធានធម្មជាតិ នៅទីនោះ ដែលមានមន្ទីរពាក់ព័ន្ធ និងមន្ទីរបរិស្ថានខេត្ត ជាសេនាធិការឲ្យរដ្ឋបាលខេត្ត ។

លោក សុខ សាន្តតារា បានឲ្យដឹងទៀតថា  នៅក្នុងដំណើរចុះស្វែងយល់ពីតំបន់ សហគមទេសចរណ៍ធម្មជាតិ ភ្នំត្នោត-ភ្នំពក នាគ្រានោះ ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោក ប៊ែន ដាវិស ភរិយា និងក្រុមគ្រួសារ ផងដែរ ។

ស្របពេលជាមួយគ្នានោះ លោក សុខ សាន្តតារា បានបញ្ជាក់ថា ក្នុងនាមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ សូមជំរុញដល់អាជ្ញាធរមូលដ្ឋាន ឲ្យបន្តសហការគ្នា ជាមួយកងកម្លាំងពាក់ព័ន្ធ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ត្រូវរួមគ្នាជាមួយ លោក ប៊ែន ដាវិស បន្តខិតខំថែរក្សា ការពារ និងអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ ភ្នំត្នោត-ភ្នំពកនេះ ឲ្យបានល្អប្រសើរ ដើម្បីរក្សាបាននូវសម្រស់ធម្មជាតិ ដ៏ស្រស់បំព្រង ទុកជាប្រយោជន៍ជាតិ ប្រយោជន៍យើងទាំងអស់គ្នា និងសម្រាប់កូនចៅយើងជំនាន់ក្រោយទៀត ៕​ដោយ៖ឡុង សំបូរ