ភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន៨ផ្ទាំងត្រូវបានបាក់ដួលរប៉ាត់រប៉ាយពេញផ្លូវដោយសាររថយន្តវីហ្គោ ពណ៌ខ្មៅ មួយគ្រឿងបុកកាលពីវេលាម៉ោង០១និង៤៣នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៤ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខផ្សារទឹកថ្លា ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នៅកន្លែងកើតហេតុប៉ូលិសមិនទាន់ស្គាល់ស្លាកលេខរថយន្តនៅឡើយទេ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តវីហ្គោ ពណ៌ខ្មៅ មួយគ្រឿងមិនស្គាល់ស្លាកលេខបើកបរដោយបុរសម្នាក់បានធ្វើដំណើរយ៉ាងលឿនតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹងបណ្ដាលឱ្យបាក់ដួលរប៉ាត់រប៉ាយពេញផ្លូវចំនួន៨ផ្ទាំង។
ឃើញដូចនោះរថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់ស្រមោលនិងមិនរំខានដល់សមត្ថកិច្ចខណ្ឌសែនសុខបន្តិចសោះឡើយ។ក្រោយពេលកើតហេតុប៉ូលិសបានត្រឹមតែចុះមកលើយករនាំងដែកដែលដួលរប៉ាត់រប៉ាយពេញផ្លូវនោះយកទៅទុកនៅលើចិញ្ចើមផ្លូវប៉ុណ្ណោះ៕